ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម(ASEAN Para Games)គឺជាព្រឹត្តិការណ៍ពហុកីឡាដែល ធ្វើឡើងបន្ទាប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games)ដែលបច្ចុប្បននេះមានអត្តពលិកពិការនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១ ។
អត្តពលិកដែលចូលរួមមានពិការភាពច្រើនរាប់ចាប់ពីជំងឺស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែករហូតដល់ពិការដៃ ពិការបញ្ញា ។ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា(APSF)ដោយមានការត្រួតពិនិត្យដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី។
នៅខែឧសភាឆ្នាំ២០០០គណៈប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ីបានជួបប្រជុំមួយហើយបានយល់ព្រមបង្កើតអង្គការកីឡាជនពិការ។
ព្រឹត្តិការណ៍ ASEAN Para Games ត្រូវបានរៀបចំឡើងដោយលោក ហ្សៃណាល់ អាប៊ូល ហ្សារីន(Zainal Abu Zarin )ដែលជាប្រធានស្ថាបនិកនៃក្រុមប្រឹក្សាប៉ារ៉ាឡាំពិកម៉ាឡេស៊ី។
ហេតុផលដែលបានស្នើឡើងគឺថាព្រឹត្តិការណ៍កីឡាក្នុងតំបន់នឹងធ្វើឡើងបន្ទាប់ពីកីឡាអាស៊ីអាគ្នេយ៍និងជួយការលើកកម្ពស់មិត្តភាពនិងសាមគ្គីភាពក្នុងចំណោមជនពិការក្នុងតំបន់អាស៊ាន និងការស្តារនីតិសម្បទា និងសមាហរណកម្មជនពិការចូលទៅក្នុងសង្គមទូទៅ។
ប្រទេសចំនួន១០គឺ ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី ថៃ និង វៀតណាមគឺជាស្ថាបនិកនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។ប្រទេសទាំងនេះបានយល់ព្រមរៀបចំការប្រកួតកីឡាប្រចាំឆ្នាំនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០០១ ហើយសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ខែតុលា ឆ្នាំ២០០១ ជាមួយនឹងលោកពីសាល វ់ាត់តាណាក់ វង់គីរី(Pisal Wattanawongkiri) ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃដែលបានស្នើឈ្មោះហ្គេមនេះ ដោយត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានទីមួយរបស់ខ្លួន។ .
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០១ ដោយមានអត្តពលិក និងមន្ត្រីជាង ៧០០នាក់ មកពីប្រទេសព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចូលរួមក្នុងពីរប្រភេទកីឡា។
ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី២ធ្វើនៅប្រទេសវៀតណាមដែលពេលនោះប្រទេសទីម័រខាងកើត ត្រូវបានបញ្ចូលទៅក្នុងសហព័ន្ធជាសមាជិកបណ្ដោះអាសន្ន។
ប្រទេសចូលរួមចំនួនប្រាំពីរបានធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម។ប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាហ្គេមចំនួនបីលើកគឺឆ្នាំ២០០១ ឆ្នាំ២០០៩ និងឆ្នាំ២០១៧គឺបានធ្វើច្រើនជាងប្រទេសទាំងអស់ដែលជាសមាជិក។
ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី៥ឆ្នាំ២០០៩ដែលត្រូវប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនោះបែរជាប្រទេសនេះសុំមិនធ្វើម្ចាស់ផ្ទះដោយសារការលំបាកផ្នែកហិរញ្ញវត្ថុនិងមិនមានបទពិសោធន៍ក្នុងការផ្តល់ជំនួយចាំបាច់ដល់អត្តពលិកពិការដូច្នេះការប្រកួតត្រូវបាននាំយកទៅប្រទេសម៉ាឡេស៊ីវិញជាលើកទីពីរ។
ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី១០ឆ្នាំ២០១៩ ដែលគ្រោងធ្វើដោយហ្វីលីពីន ត្រូវបានលុបចោល ដោយសារការាតត្បាតនៃជំងឺកូវីដ ១៩។
ព្រឹត្តិការណ៍ASEAN Para Gamesលើកទី១១ដែលវៀតណាមគ្រោងនឹងធ្វើជាម្ចាស់ផ្ទះត្រូវបានលុបចោលដោយសារតែការពន្យារពេលសម្រាប់ការប្រកួតកីឡាស៊ីហ្គេមពីឆ្នាំ២០២១មកធ្វើនៅឆ្នាំ២០២២តែវៀតណាមទទួលធ្វើតែស៊ីហ្គេមប៉ុណ្ណោះចំពោះអាស៊ានប៉ារ៉ាហ្គេមត្រូវបានប្រទេសឥណ្ឌូនេស៊ីដេញថ្លៃបានធ្វើជាម្ចាស់ផ្ទះ។
ហ្វីលីពីនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះបានមួយលើនៅឆ្នាំ២០០៥,វៀតណាមឆ្នាំ២០០៣, ថៃឆ្នាំ២០០៨, ឥណ្ឌូនេស៊ីឆ្នាំ២០១១, មីយ៉ាន់ម៉ាឆ្នាំ២០១៤និងសិង្ហបូរីនៅឆ្នាំ២០១៥។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៣។ឡាវនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ២០២៧។ព្រុយណេនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ២០២៩។ចំពោះទីម័រខាងកើតមិនទាន់បានធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅឡើយទេ៕
សរន