ដោយៈសុផល/ភ្នំពេញ៖ស្របតាមការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ យុទ្ធនាការលើបណ្តាញសង្គមមួយដែលត្រូវ បានស្គាល់ថា «ខ្ញុំសន្សំ» ឬ «iSave» ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល។តាមរយៈការស្វែងយល់និងអនុវត្តទម្លាប់ងាយៗអ្នកប្រើប្រាស់តាមផ្ទះនិងម្ចាស់អាជីវកម្មនឹងអាចកាត់បន្ថយការប្រើប្រាស់ថាមពល ចំណេញថវិកា និងរួមចំណែកបង្កើតបរិស្ថានប្រកបដោយសុខភាព។ «ខ្ញុំសន្សំ» នឹងត្រូវដាក់ឲ្យដំណើរការរយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២២។
កិច្ចផ្តួចផ្តើមមួយនេះមានគោលបំណងពន្លឿនការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជាក្នុងការធន់ទៅនឹងអាកាសធាតុ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។ ប្រទេសកម្ពុជាបានប្តេជ្ញាក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលជាសកលទៅតាមលទ្ធភាពនិងធនធានរបស់ខ្លួន។កម្ពុជាក៏បានបង្ហាញពីទស្សន វិស័យនិងយុទ្ធសាស្ត្រដែលជាត្រីវិស័យដឹកនាំប្រទេសទៅកាន់សេដ្ឋកិច្ចដែលមានតុល្យភាពកាបូនទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៥០។
ត្រូវបានគាំទ្រដោយ ការិយាល័យ Foreign Commonwealth and Development Office (FCDO)របស់រដ្ឋាភិបាលចក្រភពអង់គ្លេស យុទ្ធនាការ «ខ្ញុំសន្សំ» ត្រូវបានរៀបចំដោយក្រុមហ៊ុន Carbon Trust ដែលជាផ្នែកមួយនៃកម្មវិធីកាត់បន្ថយកាបូនក្នុងតំបន់អាស៊ាន និងអនុវត្តដោយដៃគូ រួមមាន ស៊ី អ៊ិនវេសមិន ដែលជាសហគ្រាសសង្គមផ្តល់ការគាំទ្រដល់សហគ្រាស ធុនតូចរបស់សហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូររបត់ទៅកាន់ថាមពលស្អាតដែលដើរទន្ទឹមគ្នានឹងប្រសិទ្ធ ភាពថាមពលក្លាយជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលធានានូវសន្តិសុខអាកាសធាតុនិងថាមពល និងភាពរុងរឿងសម្រាប់ប្រទេសកម្ពុជានិងពិភពលោកទាំងមូល»។
លោកស្រីបានបន្តថា៖ «សន្និសីទក្រុងប៉ារីសលើកទី២៦ របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបានទទួលភាពជោគជ័យដ៏ធំមួយនៅក្នុងទីក្រុង ក្លាសហ្គូ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីភាគីចំនួន ១៩៧ភាគីបានយល់ព្រមនៅក្នុងកតិកាសញ្ញាអាកាសធាតុទីក្រុងក្លាសហ្គូ មូលមតិគ្នាទៅលើភាពចាំបាច់នៃសកម្មភាពលើអាកាសធាតុ។ ដើម្បីបន្តភាពជោគជ័យមួយនេះនៅក្នុងឆ្នាំ២០២២និងឆ្លើយតបនឹងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសការផ្លាស់ប្តូរជាសកលក្នុងការប្រើប្រាស់ថាម ពលស្អាតនិងប្រកបដោយប្រសិទ្ធភាពពិតជាមានការចាំបាច់ខ្លាំងណាស់។ នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ពួកយើងពិតជាមានសេចក្តីរីករាយក្នុងការបន្តការគាំទ្ររបស់យើងទៅលើប្រទេសកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការសម្រាប់សន្តិសុខថាមពលនៅថ្ងៃនេះនិងនាពេលអនាគត»។
«ខ្ញុំសន្សំ» មានគោលបំណងជំរុញនិងលើកទឹកចិត្តដល់សហគ្រិនជាស្ត្រី យុវជន និង សាធារណៈជនអំពីការប្រើប្រាស់ថាមពលប្រកបដោយទំនួលខុសត្រូវ។ តាមរយៈទំព័ររបស់ខ្លួន «ខ្ញុំសន្សំ»នឹងផ្តល់វិធីសាស្ត្រងាយៗសាមញ្ញក៏ដូចជាព័ត៌មាននានាដែលអាចឲ្យប្រជាជនតាមផ្ទះឬសហគ្រិនអាចប្រើប្រាស់ជាក្បួនណែនាំស្តីពីការប្រើប្រាស់និងការសម្រេចចិត្តប្រចាំថ្ងៃទាក់ទងនឹងថាមពល មានដូចជា៖
-ពន្យល់ពីនិយមន័យនៃប្រសិទ្ធភាពថាមពល ជាមួយនឹងឧទាហរណ៍
-ពន្យល់ពីសារៈសំខាន់នៃការលាងសម្អាតម៉ាស៊ីនត្រជាក់ និងរបៀបដែលវាអាចកាត់បន្ថយការប្រើប្រាស់ថាមពល
-កំណត់អេក្រង់កុំព្យូទ័រទៅជា sleep mode ឬបិទកុំព្យូទ័រឱ្យបានត្រឹមត្រូវពេលមិនប្រើ
-ចែករំលែកគន្លឹះក្នុងការសន្សំសំចៃថវិកាតាមរយៈការទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬសម្ភារៈការិយាល័យដែលមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល
-ប្រើបន្ទះថាមពលឆ្លាតវៃដែលអាចរកឃើញនៅពេលដែលឧបករណ៍ស្ថិតនៅក្នុង standby mode
-កាត់បន្ថយថាមពលដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។
«ខ្ញុំសន្សំ»ក៏នឹងដើរតួជាវេទិកាមួយដែលដៃគូនានាក្នុងប្រទេសកម្ពុជាដូចជាស៊ី អ៊ិនវេសមិនជាដើមក្នុងការអាចចូលរួមចែករំលែកចំណេះដឹង បច្ចេកវិទ្យានិងគំនិតៗថ្មីទាក់នឹងប្រសិទ្ធភាពថាមពល ទៅដល់សហគមន៍របស់ខ្លួនក្នុងប្រទេសកម្ពុជាដែលធ្វើអាជីវកម្មដែលពឹងផ្អែកលើអគ្គិសនីក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។ការ រកឃើញពីការពិភាក្សាក្រុមជាមួយក្រុមគោលដៅ(FGD)ដែលត្រូវបានដំណើរការនៅមុនពេលនៃការបង្កើតយុទ្ធនាការនេះបានបង្ហាញថាបើទោះបីជាពាក្យថា«ប្រសិទ្ធភាពថាមពល» គឺហាក់នៅតែអ្វីដែលថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន វាក៏នៅមានឱកាសដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ ដោយការចាប់ផ្តើមពីគំនិតដែលងាយយល់ជាងនេះគឺ «ការសន្សំថាមពល»។
លោក Chris Stephen នាយកនៃក្រុមហ៊ុន Carbon Trust ប្រចាំតំបន់អាស៊ី និង អាហ្វ្រិក បានឲ្យដឹងថា៖ «មតិដែលបានត្រឡប់មកពីការពិភាក្សាក្រុមបានបង្ហាញថា បើទោះបីជាពួកគេមានការចាប់អារម្មណ៍លើការសន្សំថាមពលក៏ដោយ កង្វះព័ត៌មានដែលទាក់ទងនឹងប្រសិទ្ធភាពថាមពលនៅតែជាបញ្ហាចោទ។ «ខ្ញុំសន្សំ» មានគោលបំណងជួយលុបគម្លាតនេះដោយផ្តល់នូវព័ត៌មាននិងមាតិកាដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដើម្បីធ្វើឱ្យវាងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានដំបូន្មានដែលពួកគេត្រូវការដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងដើម្បីដឹងពីអត្ថប្រយោជន៍នៃថាមពលជាដើម»។
ការស្រាវជ្រាវក៏បានលើកឡើងពីតួនាទីសំខាន់ដែលស្ត្រីដើរតួក្នុងការលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅផ្ទះ និងនៅកន្លែងធ្វើការ។ វាត្រូវបានគេរកឃើញថាស្ត្រីដើរតួជាអ្នកគ្រប់គ្រងផ្ទះដោយពួកគេបានចំណាយពេលភាគច្រើននៅផ្ទះនិងជាមូលហេតុដែលពួកគេប្រើប្រាស់ថាមពលសំខាន់ៗតាមរយៈការងារប្រចាំថ្ងៃរបស់ពួកគេដូចជាការសម្អាត ចម្អិនអាហារ បោកគក់និងអ៊ុត ក្នុងចំណោមកិច្ចការផ្សេងទៀតដែលប្រើប្រាស់អគ្គិសនី។ ពួកគេក៏មានការយល់ដឹងច្រើនជាងសមាជិកគ្រួសារផ្សេងទៀត ដូចជាស្វាមី និងកូនៗរបស់ពួកគេអំពីថាតើឧបករណ៍អ្វីខ្លះត្រូវបានប្រើប្រាស់ញឹកញាប់និងប្រើប្រាស់ថាមពលច្រើនជាង។តាមរយៈការយល់ដឹងនេះស្ត្រីពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសាររបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យកាត់បន្ថយការប្រើប្រាស់ថាមពល ដែលជាកត្តាសន្សំថវិកាដើម្បីប្រើប្រាស់សម្រាប់ការចំណាយផ្សេងទៀតក្នុងគ្រួសារ។
ក្នុងភាពជាដៃគូជាមួយ ស៊ី អ៊ិនវេសមិន «ខ្ញុំសន្សំ» នឹងរៀបចំសិក្ខាសាលាលើបណ្តាញសង្គមដែលផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។ សម្ភារៈធនធាន និងវីដេអូបណ្តុះបណ្តាលស្តីពីប្រសិទ្ធភាពថាមពលក៏នឹងមានផងដែរតាមរយៈគេហទំព័ររបស់ ស៊ី អ៊ិនវេសមិន៕