ដោយៈ សុផល​/​ភ្នំពេញៈ មហោស្រព​សៀក​អន្តរជាតិ ទីនេះ ទីនោះ លើក​ទី​១១ បាន​វិលត្រឡប់​មកវិញហើយ ហើយនឹង ប្រព្រឹត្តទៅ​នៅ​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី​២៩ ខែឧសភា រហូតដល់ ថ្ងៃទី​០៣ ខែមិថុនា​។ នេះ បើតាម​ការឱ្យ​ដឹង​រប​ស់ សមាគម ហ្វារ​ពន្លឺ​សិល្បៈ ។

សមាគម​ហ្វារ​ពន្លឺ​សិល្បៈ បានឱ្យដឹងថា ៖ មហោស្រព​អន្តរជាតិ ទីនេះ ទីនោះ គឺជា មហោស្រព​សៀក​អន្តរជាតិ ដែល នាំយក​សិល្បករ​សិល្បការិនី​ជាច្រើន នៅ​ជុំវិញ​ពិភពលោក មក​បង្ហាញ​សមត្ថភាព​នៃ​ការសម្តែង​សៀក​របស់​ពួកគេ​នៅតាម ដងផ្លូវ និង ទីប្រជុំជន​នានា នៅក្នុង​ប្រទេស​កម្ពុជា ។ មហោស្រព ទីនេះ ទីនោះ ឆ្នាំនេះ​រួមមាន សិល្បករ សិល្បការិនី មកពី ប្រទេស​កម្ពុជា ថៃ តៃវ៉ាន់ និង ប្រទេស​បារាំង ដែល​នឹង​មក​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​សម្តែង ចែករំលែក បទពិសោធន៍ ចំណេះដឹង ជាមួយនឹង​សិស្ស​សៀក​របស់​យើង បំផុសគំនិត​ពួកគេ​ឲ្យ​ដើរ​តាម​ក្តី​ស្រ​ម៉ៃ​របស់ខ្លួន​នៅក្នុង​វិថី សិល្បៈ ។

កម្មវិធី រយៈពេល ៦ ថ្ងៃ នៃ​មហោស្រព​នេះ​នឹង នាំយកមក​នូវ​ការសម្តែង​សៀក​ខុសប្លែកគ្នា ថ្មីៗ រៀងរាល់ ល្ងាច នៅក្នុង តង់ សម្តែង​នៃ​សមាគម ហ្វារ​ពន្លឺ​សិល្បៈ ។ អ្វីដែល ពិសេស នោះ គឺ លោកអ្នក​អាច​ចូលរួម​ជាមួយ​សកម្មភាព​សិល្បៈ ទស្សនាការ សម្តែង​ខ្លីៗ ដោយ​ឥតគិតថ្លៃ និង ភ្លក់​រសជាតិ​អាហារ​ក្នុងស្រុក​ឆ្ងាញ់ៗ​ផងដែរ ។ មហោស្រព ទីនេះ ទីនោះ នឹង ចាប់ផ្តើម នៅ ថ្ងៃអាទិត្យ ទី ២៩ ខែឧសភា ជាមួយនឹង​ក្បួន​ដង្ហែ​តុក្កតា​យក្ស និង សៀក​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​បាត់ដំបង ។ នៅ​ថ្ងៃ សុក្រ ទី ៣ ខែមិថុនា គឺជា​ថ្ងៃ​បង្ហើយ នៃ កម្មវិធី ដោយមាន​ការប្រគុំ​តន្ត្រី​ចុងក្រោយ​ដោយ​ក្រុម​តន្ត្រី​ហ៊ី​ប​ហប “​ក្លា​ប​យ៉ា​ហ៊ែ​ន​” ។

គោលបំណង នៃ មហោស្រព ទីនេះ ទីនោះ គឺ នាំ ឲ្យ មានការ បំផុសគំនិត ដល់ យុវជន ជំរុញ ឲ្យ មានការ ចូលរួម ពី សហគមន៍ មូលដ្ឋាន លើកកម្ពស់ សិល្បៈ ក្នុងសង្គម កម្ពុជា នាំមក នូវ ការរួបរួម និង ការយល់ដឹង ពី តម្លៃ រួម របស់ គ្នា ។

“ ការនាំយក និង រៀបចំ មហោស្រព សិល្បៈ គឺជា ផ្នែក មួយ នៃ យុទ្ធសាស្ត្រ របស់ ហ្វារ ដើម្បី នាំយក សិល្បៈ ទៅកាន់ ប្រជាជន និង ចូលរួម ជាមួយ សហគម ន៍ ដើម្បី កសាង អត្តសញ្ញាណ វប្បធម៌ បេតិកភណ្ឌ រួមគ្នា ។ យើង សង្ឃឹមថា ការនាំមក នូវ មហោស្រព សិល្បៈ នឹង ជួយ លើកមុខ មាត់់ ខេត្តបាត់ដំបង ជា ខេត្ត នៃ មជ្ឈមណ្ឌល សិល្បៈ និង វប្បធម៌ ច្នៃប្រឌិត របស់ ប្រទេស កម្ពុជា ” នេះ បើតាម ប្រសាសន៍ របស់លោក អូស្មាន់ ខា វ៉ា ចា ។

មហោស្រព សៀក អន្តរជាតិ ទីនេះ ទីនោះ ត្រូវបាន ឧបត្ថម្ភ ដោយ La Region Occitanie Organisation Internationale de la Francophonie ក្រសួង វប្បធម៌ តៃវ៉ាន់ និង សហការ រៀបចំ កម្មវិធី ដោយ ល្ខោន សៀក កម្ពុជា ហ្វារ ។ ការកើតមាន ឡើង នៃ មហោស្រព នេះ គឺជា ឱកាស ដ៏ ល្អ មួយ ដើម្បី នាំយក សិល្បករ សិល្បការិនី អន្តរជាតិ ក៏ដូចជា លើកទឹកចិត្ត ភ្ញៀវ ទេសចរណ៍ ឲ្យ ត្រឡប់ មកលេង ខេត្តបាត់ដំបង ជាថ្មី ម្តងទៀត​៕​