​ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ: ​មន្ត្រី​នៃ​ស្រុក​សណ្តាន់ បាន​អះអាង​ដោយ​មោទនភាព​ថា បច្ចុប្បន្ន​នៅ​ស្រុក​របស់លោក ក្រៅពី​មាន​
​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​និង​ដឹកជញ្ជូន កសិករ​ក៏បាន​បង្កើន​មុខរបរ​បន្ថែម​ពី​ការ​
​ធ្វើស្រែ​ចម្ការ មក​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ដែល​មិន​ត្រឹមតែ​ផ្គត់ផ្គង់​នៅក្នុង​ស្រុក ខេត្តកំពង់ធំ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​នាំ​ចេញទៅ​
​ខេត្ត​ជិតខាង​និង​ក្រៅប្រទេស​ផងដែរ​។​

​ស្រុក​សណ្ដាន់ ជា​ស្រុក​មួយ​នៅ​ដាច់ស្រយាល​ជាងគេ​ក្នុងចំណោម​ប្រាំបួន​ក្រុង​/​ស្រុក​របស់​ខេត្ត​។ ស្រុក​មាន​ចម្ងាយ​ប្រមាណ ៨៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ធំ​។​

​ពី​អតីតកាល​ចាប់ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៩​រដ្ឋបាល​ស្រុក​ត្រូវបាន​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម​ដែលមាន​ថ្នាក់ដឹកនាំ​ស្រុក ជា​កម្មាភិបាល​ចំនួន​ប្រាំ​បួនរូប​បន្តបន្ទាប់​គ្នា​។ ទីតាំង​រដ្ឋបាល​ស្រុក​ស្ថិតនៅ​ឃុំ​សណ្តាន់​ដដែល ។ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ១៩៨០ ស្រុក​សណ្តាន់ ត្រូវបាន​រំដោះ​ចេញពី​របប​ខ្មែរក្រហម​ពេលនោះ​ទីតាំង​ស្រុក ត្រូវបាន​រើចេញ​ទៅ​ស្ថិតនៅ​ឃុំ​មានជ័យ​។

​លោក អ៊ុត វណ្ណា​រ៉ា អភិបាលស្រុក​សណ្ដាន់​បាន​រំលឹក​ប្រាប់​យើង​ថា ស្រុក​សណ្ដាន់​ពីមុន​ផ្លូវ​ធ្វើដំណើរ គឺ​ធ្វើបាន​ដោយ​ថ្មើរជើង ដោយ​កង់​,​ម៉ូតូ​ឬ​រទេះគោ​។​ប៉ុន្តែ​ការធ្វើដំណើរ​ដោយ​លំបាក​បំផុត​ពីព្រោះ​តំបន់​នេះ​ដី​ជា​ប្រភេទ​ខ្សាច់​។​មិនមាន​ផ្លូវ​ល្អ​ទេ​។​
​ជា​ផ្លូវលំ​ដីខ្សាច់​តែម្តង​។ តំបន់​នេះ​ក៏​ជា​តំបន់​អសន្តិសុខ​ប្រទាញប្រទង់​រវាង​កងទ័ព​ខ្មែរក្រហម និង កងទ័ព​រដ្ឋាភិបាល​។​

​ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​បន្ទាប់​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​និង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដោយ​អាជ្ញាធរ ដោយ​មន្ទីរជំនាញ ដោយ​ក្រុមការងារ​រាជរដ្ឋាភិបាល ពិសេស​ការយល់​ចិត្ត​ទុកដាក់​ពី​ថ្នាក់ជាតិ​។​

​លោក​អភិបាលស្រុក​បាន​និយាយថា​ការប្រែប្រួល​បានចាប់ផ្តើម​ពី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​បច្ចុប្បន្ន​ទី​រួម​ខេត្តកំពង់ធំ មកដល់​ទីរួមស្រុក​ស​ណ្ដា​ន់​ជា​ផ្លូវ​ក្រាល​កៅស៊ូ ឬ បេតុង​។​ចំណែក​ហេ​ដ្ឋ​រចនាសម្ព័ន​ត​ភ្ជាប់​ពី​ទីប្រជុំជន​ស្រុក​ទៅ​ឃុំ​នីមួយៗ​មាន​ឃុំ ខ្លះ​ក្រាល​ចាក់​បេតុង ,​កន្លែង​ខ្លះ​ក្រាល​កៅស៊ូ​និង​ខ្លះទៀត​ក្រាល​ក្រួ​ល​ក្រហម​។​ស្ថានភាព​ថ្មី​នេះ​បាន​សម្រួល​ដល់​ការ​ធ្វើំ​ដំណើរ​របស់ ប្រជាពលរដ្ឋ និង​ជាពិសេស​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​ទំនាក់ទំនង​ទៅ​ខេត្ត​ផ្សេងៗ​។​ដោយសារ​ការប្រែប្រួល​នេះ ប្រជាជន​
​នៅ​ស្រុក​សណ្តាន់​ក៏បាន​ផ្លាស់​ទម្លាប់​ក្នុង​ការធ្វើ​កសិកម្ម​ផងដែរ ដោយ​មិន​ពឹង​ផ្អែកលើ​ដំណាំ​ស្រូវ​តែមួយ​មុខ ឬ អនុផល​ព្រៃឈើ​
​ដូចពេលមុន ដោយ​ងាក​មក​ដាំ​ដំណាំ​ប្រភេទ​ក​សិ​-​ឧស្សាហកម្ម ដែល​ផ្តល់​ផល​ខ្ពស់​និង​ចំណូល​ច្រើន​ជាមុន​។​

​លោក​អភិបាលស្រុក​បញ្ជាក់ថា​ស្ថានភាព​ដី​នៃ​ស្រុក​សណ្តាន​មាន​អំណោយផល​ច្រើន​ដល់​វិស័យ​កសិកម្ម​។​ជា​ដី​ដែលមាន​ជីជាតិ​។ ដោយសារ​អំណោយផល​នេះ​កសិករ​មិន​ពឹង​តែ​លើ​ការធ្វើ​ស្រែចម្ការ​មួយ​មុខ​ទៀត​ទេ​តែ​បាន​ដាំ​ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មាន ដូចជា ដំណាំ​កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ម្រេច សណ្ដែក ទុរេន​ជាដើម​។​ដំណាំ​ទាំងអស់នេះ​ប្រជាពលរដ្ឋ​អាច​លក់​នៅ​មូលដ្ឋាន ផ្ទាល់​នឹង​ចេញ​ទៅតាម​បណ្តាល​ខេត្ត​តាម​បណ្តា​ប្រទេសជិតខាង​ដែរ​ហើយ​មានតម្លៃ​ដូច​ឬ​ប្រហាក់ប្រហែល​តម្លៃ​ទីផ្សារ​ទូទាំងប្រទេស​ដែរ ។

​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​មាន​ការជួយ​ពី​ក្រុមការងារ​ថ្នាក់​ខេត្ត​,​ថ្នាក់កណ្តាល​,​ថ្នាក់ជាតិ​ផង​បាន​ជួយ​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត ការផ្តល់ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មុខរបរ​របស់ ប្រជាពលរដ្ឋ ផលិតភាព​កសិកម្ម សុខមាលភាព ការផ្តល់សេវា​សុខភាព ការធានា​ការគ្រប់គ្រង​ការប្រើប្រាស់​ដីធ្លី ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ និរន្តរភាព ការពង្រឹង​ការគ្រប់គ្រង​រដ្ឋបាល សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​កាន់តែ​ប្រសើរឡើង​។

​ទន្ទឹមនឹងនោះ លោក អ៊ុត វណ្ណា​រ៉ា អភិបាលស្រុក​សណ្ដាន់​សូម​អំពាវនាវ​ឱ្យ​ប្រជា​ជា​ជន​ទូទាំងប្រទេស​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ខិតខំ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​កសិកម្ម​ថែមទៀត ដើម្បី​ទទួលបាន​នូវ​ចំណូល​បន្ថែមទៀត​។ ត្រូវ​ផ្លាស់ប្តូរ​ពី​ការធ្វើ​កសិកម្ម​តាម​
​ទម្លាប់ មក​ធ្វើ​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកទេស​ថ្មី​ដែល​អ្នកជំនាញ​ផ្តល់ឱ្យ ឬ ដោយ​បទពិសោធ​ផ្ទាល់ខ្លួន​ផង​៕​សរន​