​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រី​ចិន​បាន​បន្លឺសំឡេង​ព្រមាន​យ៉ាងខ្លាំង​ខុសពី​ធម្មតា​អំពី​សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក ដោយ​និយាយថា ខ្លួន​ត្រូវ​តែ​វិល​មក​រក​ប្រក្រតីភាព​វិញ ខណៈ​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​កំពុង​បំផ្លាញ​កំណើនសេដ្ឋកិច្ច​។​

​ចិន​គឺ​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​ចុងក្រោយ​គេ​ដែល​ប្រកាន់ខ្ជាប់​នឹង​គោលនយោបាយ​នៃ​ការ​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​និង​ការបិទ​ខ្ទប់​យ៉ាង​ឆាប់រហ័ស​ដើម្បី​លុបបំបាត់​ចង្កោម​មេរោគ​កូរ៉ូណា ប៉ុន្តែ​ការ​ទប់ស្កាត់​ដ៏​តឹងរ៉ឹង​បាន​បំផ្លាញ​អាជីវកម្ម​។​

នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ងបាន​ដឹកនាំកិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋ​កាលពី​ថ្ងៃ​ពុធ

​ការ​រឹតបន្តឹង​លើ​ទីក្រុង​រាប់សិប​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រួម​ទាំង​មជ្ឈមណ្ឌល​ផលិតកម្ម​សិន​ចិន​និង​សៀង​ហៃ​ព្រមទាំង​ជង្រុក​ផលិត​នំប៉័ង​គឺ​ទីក្រុង​ជី​លីន (Jilin)​បានធ្វើឱ្យ​ខ្សែសង្វាក់​ផ្គត់ផ្គង់​មាន​ភាព​​ច្របូកច្របល់​និង​ទាញ​សូចនាករ​សេដ្ឋកិច្ច​ឱ្យ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ​មកនេះ​។​

​នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋ​កាលពី​ថ្ងៃ​ពុធ​ថា ទោះ​តាម​វិធី​ណា​ក៏​ដោយ បញ្ហា​ប្រឈម​ឥឡូវ​នេះ​គឺ “​ធំ​ជាង​ពេល​ដែល​ជំងឺ​កំពុង​រាតត្បាត​ខ្លាំង​ក្នុង​ឆ្នាំ ២០២០ ទៅទៀត​” នេះ​​បើ​យោង​តាម​អត្ថបទ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​។​

​ស៊ីនហួ​បាន​ដកស្រង់​សម្តី​លោកលី​ដោយ​និយាយថា “​បច្ចុប្បន្ន​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​ក្នុង​ការកំណត់​និន្នាការ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ទាំងមូល​”​។​

“​យើង​ត្រូវតែ​ចាប់​យក​ឱកាស​ពេលវេលា​និង​ព្យាយាម​នាំ​សេដ្ឋកិច្ច​ត្រឡប់​មក​រក​សភា​ព​ធម្មតា​វិញ​”​។​

​ការកត់សម្គាល់​របស់​លោក​លី​ធ្វើឡើង​ចំពេល​មាន​ការអំពាវនាវ​ចុងក្រោយបង្អស់​ពី​សំណាក់​ក្រុម​មន្ត្រី​និង​មេដឹកនាំ​អាជីវកម្ម​ឱ្យ​មាន​តុល្យភាព​បន្ថែម​ទៀត​រវាង​ការបញ្ឈប់​មេរោគ​និង​ការជួយ​ដល់​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផលប៉ះពាល់​។​

​ការលក់​រាយ​របស់​ចិន​បាន​ធ្លាក់ចុះ ១១,១ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​កាលពី​ខែ​មេសា ខណៈ​ទិន្នផល​រោងចក្រ​បាន​ធ្លាក់ចុះ ២,៩ ភាគរយ ដែល​ជា​ការបង្ហាញ​ដ៏​អន់​បំផុត​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​វិបត្តិកូ​វីដ​។​

​ហើយ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ទីក្រុង​បាន​វិលត្រឡប់​ទៅរក​កម្រិត​កំពូល​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២០ ដោយ​ដាក់​ជា​ចំណោទ​បញ្ហា​ចំពោះ​គោលដៅ​កំណើន​ពេញ​មួយ​ឆ្នាំ​របស់​អ្នកបង្កើត​គោលនយោបាយ​ប្រហែល ៥,៥ ភាគរយ​។​

​លោក​លី​និយាយថា នៅ​ខែ​មីនា​និង​ជា​ពិសេស​នៅ​ខែ​មេសា សូចនាករ​ដូចជា​ការងារ ផលិតកម្ម​ឧស្សាហកម្ម ការប្រើប្រាស់​អគ្គិសនី និង​ការដឹកជញ្ជូន​បាន​ធ្លាក់ចុះ “​គួរឱ្យកត់សម្គាល់​”​។​

​លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការសម្របសម្រួល​ការគ្រប់គ្រង​មេរោគ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នេះ​បើ​យោង​តាម​ស៊ីនហួ​៕

យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​កំពុង​បំផ្លាញ​កំណើន​សេដ្ឋកិច្ច​ចិន