ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ដែល​គេ​បណ្តេញចេញ​ពី​តំណែង​លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ឧសភា​នេះ​បាន​ព្រមាន​រដ្ឋាភិបាល​ឱ្យ​​រៀបចំ​ការបោះឆ្នោត​ថ្មី ឬ​មិន​អ៊ីចឹង​ទេ​ត្រូវ​ប្រឈម​មុខ​នឹង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត​បន្ទាប់ពី​បាន​ដឹកនាំ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ចូល​មក​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ​ក្នុងការ​សម្ញែង​កម្លាំង​ជាមួយ​គូប្រជែង​​នយោបាយ​របស់​គាត់​។​

​សុន្ទរកថា​នៅ​ពេល​ព្រឹក​របស់​គាត់​គឺ​កើត​ឡើង​ក្រោយ​ភាពចលាចល ២៤ ម៉ោង ដែល​ឃើញ​រដ្ឋធានី​ត្រូវ​បាន​បិទ​ខ្ទប់ ហើយ​ការប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​រវាង​ប៉ូលិស និង​បាតុករ​នៅ​ទូទាំង​ប្រទេស​។​

​រដ្ឋាភិបាល​បាន​ព្យាយាម​រារាំង​ក្បួន​អ្នក​តវ៉ា​មិន​ឱ្យ​ចូល​ដល់​រដ្ឋធានី​ដោយ​បិទ​ច្រកចូល​និង​ច្រក​ចេញ​ទាំង​អស់​នៅ​ជុំវិញ​ទីក្រុង​ប៉ុន្តែ​ត្រូវបាន​បង្ខំ​ឱ្យ​អនុញ្ញាត​ឱ្យ​ក្រុមអ្នកតវ៉ា​ចូល​ដោយ​ដីកា​បន្ទាន់​របស់​​តុលាការ​កំពូល​។​

​ចាប់តាំងពី​ត្រូវបាន​ដកចេញ​ពី​អំណាច​តាមរយៈ​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​កាលពី​ខែ​មុន តារា​កីឡាគ្រី​ឃីក​ប្រែក្លាយ​អ្នកនយោបាយ​រូបនេះ​បាន​បង្កើន​សម្ពាធ​លើ​មេដឹកនាំ​រដ្ឋាភិបាល​​ចម្រុះ​ថ្មី​ដ៏​ផុយ​ស្រួយ​របស់​ប្រទេស​តាមរយៈ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​អះអាង​ថា​គាត់​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ដោយ​មាន “​ការឃុបឃិត​ជាមួយ​បរទេស​”​។​

​លោក​ខាន់​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​ថា “​ខ្ញុំ​ចង់​ផ្ញើ​សារ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​អាយ៉ង​មួយ​នេះ​ដើម្បី​ប្រកាស​ការបោះឆ្នោត​ក្នុង​រយៈពេល​ប្រាំ​មួយថ្ងៃ​ទៀត​។ រំលាយ​សភា​និង​រៀបចំ​ការបោះ​​ឆ្នោត​នៅ​ខែមិថុនា​”​។​

​លោក​បាន​ព្រមាន​ថា លោក​នឹង​ត្រឡប់​ទៅ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ ប្រសិនបើ​ការបោះឆ្នោត​មិន​ត្រូវបាន​កំណត់​ពេល​ទេ​នោះ ហើយ​បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​លោក​បំបែក​ខ្លួន​។​

​រដ្ឋាភិបាលចម្រុះ ដែល​បង្កើតឡើង​ដោយ​បក្ស​ឈ្លោះ​គ្នា​ជា​ប្រចាំ​ចំនួន​ពីរ​របស់​ប្រទេស​ដើម្បី​បណ្តេញ​លោក​ខាន់​ចេញពី​អំណាច បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​ខ្លួន​គ្មាន​ផែនការ​រៀបចំ​ការបោះឆ្នោត​ទេ​៕

​លោក​ខាន់​ព្រមាន​ធ្វើបាតុកម្ម​ធំ​នៅ​៦​ថ្ងៃ​ទៀត​បើ​រដ្ឋាភិបាល​មិន​រៀបចំ​ការបោះឆ្នោត​ថ្មី