​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជើងឯក​ប្រដាល់​អ៊ុយ​ក្រែន​ពីរ​សម័យ​មួយ​រូប​បាន​ស្លាប់​ក្នុងពេល​ការពារ​ប្រទេស​របស់​ខ្លួន​ទល់នឹង​រុស្ស៊ី​នៅ​សមរភូមិ​ជួរ​មុខ​។​

​អូ​ឡេក ព្រូដ​គី (Oleg Prudky)​អាយុ ៣០ ឆ្នាំ ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ប្រដាល់​ជាច្រើន​រូប​ដែល​កាន់​អាវុធ​បន្ទាប់​ពី​ការសម្រេចចិត្ត​របស់​វ្ល៉ា​ឌី​មៀ ពូ​ទីន​ដើម្បី​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែន​បាន​ស្ថិត​​ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ពិសេស​ដែល​ធ្វើការ​ជាមួយ​អាជ្ញាធរ​នៅក្នុង​តំបន់ឆឺ​កាស៊ី (Cherkasy) សម្រាប់​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ​។​

​ទោះយ៉ាងណា កាលពី​មុន​គាត់​ធ្លាប់​ចូលរួម​ការប្រកួត​ប្រដាល់សេរី​ពិភពលោក​ឆ្នាំ ២០១៥ ដែល​ឥឡូវ​គេ​បិទ​លែង​មាន​តទៅទៀត​ហើយ​ហើយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រដាល់​ស្ម័គ្រចិត្ដ​ប្រកួតប្រជែង​បែប​អាជីព​​ខណៈ​រក្សា​នូវ​ឋានៈ​មិន​អាជីព សម្រាប់​អង្គភាព​ប៉ូលិស​អូ​តា​ម៉ាន់ (Otaman)​របស់​អ៊ុ​យក្រែន​។​

​គាត់​បាន​ចូលរួម​ក្នុង​ការប្រកួត​ប្រដាល់​ស្ម័គ្រចិត្ត​ទូទាំង​ពិភពលោក​ជា​បន្តបន្ទាប់​សម្រាប់​ប្រទេស​របស់​គាត់​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​បំផុត រួម​ទាំង​ការប្រកួត​ជើងឯក​អឺរ៉ុប​មួយចំនួន​ផង​ដែរ​។​

​ប៉ុន្តែ​គាត់​បាន​ស្ថិតក្នុង​ចំណោម​សមាជិក​បួន​នាក់​នៃ​ប៉ូលិស​នៅ​ឆឺ​កាស៊ី ដែល​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​ដោយ​កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២២​ឧសភា ហើយ​បន្សល់​ទុក​ប្រពន្ធ​ឈ្មោះ​ម៉ា​រី​យ៉ាណា (Mariana) និង​កូនស្រី​តូច​ពីរ​នាក់​។​

​សហព័ន្ធ​ប្រដាល់​ឆឺកា​ស៊ីបាន​បង្ហោះ​សារ​រំលែក​ទុក្ខ​មួយ​ថា “​សោកនាដកម្ម​មួយទៀត​នៅ​ក្នុង​គ្រួសារ​ប្រដាល់​របស់​យើង​។ អ្នក​ប្រដាល់​ល្អ​បំផុត​មួយ​រូប​នៃ​តំបន់ឆឺកា​ស៊ីគឺ អូ​ឡេក ព្រូដ​គី​បាន​ស្លាប់​នៅ​តំបន់​​បូ​ព៌ា​…”​។​

“​គ្រួសារ​ប្រដាល់​នៃ​តំបន់ឆឺ​កាស៊ីសូម​ចូលរួមរំលែក​ទុ​ក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​។ សូម​ទៅ​ឱ្យ​បាន​ស្ងប់​!”៕

​អូ​ឡេក ព្រូដ​គី ស្លាប់​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ប៉ូលិស​តំបន់ឆឺ​កាស៊ី