ដោយៈ​សុផល​/​ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង អំពី​ការកសាង​សមត្ថភាព និង​ពង្រឹង​ស្ថាប័ន ដើម្បី​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​វិស័យ ភស្តុភា​រកម្ម និង​ទិន្នន័យ​ភស្តុភារ​កម្ម​នៅ​កម្ពុជា និង​កិច្ចសហការ​រវាង កម្ពុជា​-​ឡាវ​-​វៀតណាម (​វគ្គ​២)​។​

​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ភស្តុភា​រកម្ម តាមរយៈ​គម្រោង​សហប្រតិបត្តិការ​បច្ចេក​ទេស​នៃ​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​(MKCF) ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​សិក្ខាកាម​សរុប ប្រមាណ​៦០​នាក់ មកពី តំណាង​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​វៀតណាម តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ប្រទេស​ឡាវ តំណាង​វិទ្យាស្ថាន​មេគង្គ អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ ផ្នែក​ភស្តុភា​រកម្ម អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ សមាគម​ភស្តុភារ​កម្ម​កម្ពុជា​(CLA) និង​សមាគម​ដឹក ជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា​(CAMTA)​ផងដែរ​។​

​សិក្ខាសាលា​នេះ​រៀបចំឡើង​បន្ត​ពី​សិក្ខាសាលា​វគ្គ​ទី​១ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ខែ មេសា ឆ្នាំ​២០២២​កន្លងមក ក្នុង​គោលបំណង​ដើម្បី​កសាង និង​ពង្រឹងសមត្ថភាព​មន្ត្រី និង​ស្ថាប័ន​ពាក់ ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​អំពី​ការរៀបចំ​ចងក្រង និង​ប្រមូល​ទិន្នន័យ​ស្ថិតិ​មូលដ្ឋាន ការរៀបចំ​ក្របខណ្ឌ ត្រួតពិនិត្យ និង​វាយតម្លៃ​វិស័យ​ភស្តុភា​រកម្ម និង​ទិន្នន័យ​ភស្តុភា​រកម្ម​ក្នុងប្រទេស​កម្ពុជា​។​

​សិក្ខាសាលា​នេះ​ផ្តោតជាសំខាន់​លើ​ខ្លឹមសារ​សំខាន់ៗ​ជាអាទិ៍​៖ ១) ស​ន្ទ​ស្សន៍​នៃ​ការអនុវត្ត​ភស្តុភារ​កម្ម​សកល ២) ការវាស់ស្ទង់ និង​តាមដាន​ការអនុវត្ត​ភស្តុភារ​កម្ម​តាម​ច្រករបៀង​ដឹកជញ្ជូន ៣) ការព្យាករណ៍ និង​រៀបចំ​ដំណោះស្រាយ​គំរូ​(Modeling Approach) សម្រាប់​លំហូរ​ទំនិញ​/​កុងតឺន័រ និង​តម្លៃ​ផ្សេងៗ​ក្នុង​វិស័យ​ភស្តុភា​រកម្ម ៤) ការអនុវត្ត​ជាក់ស្តែង​លើ​លំ​ហាត់​ដែល​ដាក់ឱ្យ​សិក្ខាកាម​ពិភាក្សា​ជា​ក្រុម រួមទាំង ករណី​សិក្សា​មួយចំនួន​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ី​។​

​លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​កម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា​៖ សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ក្នុងការ​ផ្តល់​ជា​ចំណេះដឹង​ផ្នែក គ្រប់គ្រង និង​ការរៀបចំ​ទិន្នន័យ​ស្ថិតិ​វិស័យ​ភស្តុភា​រកម្ម​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងបី​ក្នុងការ​រួមគ្នា​កសាង​ទិន្នន័យ​មូលដ្ឋាន​នៅក្នុង​វិស័យ ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ជាពិសេស​ការចែករំលែក​ចំណេះដឹង​អនុវត្ត និង​បទពិសោធន៍​របស់​អ្នកជំនាញ ការ​អន្តរជាតិ​ផ្នែក​ភស្តុភារ​កម្ម​មកពី​ទ្វីបអឺរ៉ុប​និង​អាស៊ី​ដល់​សិក្ខាកាម​សម្រាប់​រយៈពេល​៣​ថ្ងៃនេះ​៕​