​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: យោងតាម​សំណើសុំ​វិនិយោគ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹងថា កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៤ ក្នុង​វិស័យ​ផ្សេងៗ​គ្នា ដែល​ស្មើ​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​៥,៤​លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​រហូត​ជាង ៥០០​កន្លែង​។​

​ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង​៤​ខាងលើនេះ រួមមាន​៖ ១.​ក្រុមហ៊ុន ស៊ាន​តុង វ៉ា​យ​អេ​នខា​ប​ប៊​ល ខូ​ល​អិ​ល​ធី​ឌី (Xiantong Wire and Cable Co., Ltd.) គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង ខ្សែកាប និង​រឡូ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៨០​នាក់​។ ២.​ណឺ​ត្រា​លៀ ខេ​ម​បូ​ឌា អ៊ិន​ដាស​ទ្រៀល ខូ​អិ​ល​ធី​ឌី (Neutralize (Cambodia) Industrial Co., Ltd.) គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ និង​បង្កើត​ការងារ​ប្រមាណ ១០០​នាក់​។ ៣.​ខេ​ម​បូ​ឌា​ន ឡុង​វ៉ាន ឡៃ​យ៍ អ៊ិន​ដាស​ទ្រី ខូ​អិ​ល​ធី​ឌី (Cambodian Longwan Light Industry Co., Ltd.) គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ និង​បង្កើត​ការងារ​ប្រមាណ ១៨០​នាក់​។ និង​៤. ឡូ​ស ខេ​អេ​ច ខូ​អិ​ល​ធី​ឌី (LUUS KH CO., LTD.) គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ដំឡើង​គ្រឿង​បង្គុំ និង​ឧបករណ៍​បរិក្ខារ​ចម្អិន​អាហារ​សម្រាប់​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប ភ្នំពេញ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១,៤​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨០​នាក់​។​

​គិត​ក្នុង​រយៈពេល ៤​ខែ ឆ្នាំ​២០២២​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​ចំនួន ៦០​គម្រោង ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២.៦០០​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៤​ម៉ឺន​កន្លែង​។ ដោយឡែក គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២១​កន្លងទៅ រដ្ឋាភិបាល​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ជាង ១៦០​គម្រោង ដោយ​គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាម៉េរិក​៕​