ដោយៈ​សុផល​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០២២ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ក​យ​កា (KOICA) សហការ​ជាមួយ វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​នៃ​សាកលវិទ្យាល័យ​កូរ៉េ និង វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ (NIDIR) បាន​បើក​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ (Zoom Meeting)​។​

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ផែនការ​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​គ្រូ​បង្គោល របស់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ សម្រាប់​រយៈពេល​បី​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤​។ វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​នៃ​សាកលវិទ្យាល័យ​កូរ៉េ បានបង្ហាញ​ផែនការ​សម្រាប់​វគ្គប​ណ្ដុះ​បណ្ដាល និង​បាន​ស្នើឱ្យ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​លម្អិត​មួយ ដោយ​ផ្លាស់ប្តូរ​យោបល់​ពី​គ្រប់ភាគី​។​

​ក្នុងឱកាស​នោះ លោក នោ ហ្យ​ន់​ជូន (Rho Hyunjun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​បាន​មានប្រសាសន៍ថា “​ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ វគ្គ​បណ្តុះបណ្តាល​ទាំងអស់​រប​ស់កយ​កា ត្រូវបាន​ប្តូរ​ទៅ​វគ្គ​បណ្តុះបណ្តាល​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​(​អន​ឡាញ​) ហើយ​ទោះបីជា​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ បាន​ថយចុះ​ក៏ដោយ ក៏​ក​យ​កា មាន​គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​របស់​យើង​ទាំងអស់​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​(​អន​ឡាញ​) រួមទាំង​ឆ្នាំនេះ​ផងដែរ​”​។​

​លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ជា​សំណាងល្អ បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ទីស្នាក់ការ​កណ្តាល​ក​យ​កា​- (KOICA Headquarters) យើង​បានធ្វើការ​ផ្លាស់ប្តូរ​ផែនការ​របស់​យើង និង​ចាប់ផ្តើម​វគ្គ​សិក្សា​ថ្មី ដោយ​ការសិក្សា​ដោយផ្ទាល់​វិញ ដែលជា​វគ្គ​បណ្តុះបណ្តាល​ផ្អែកលើ​ការអញ្ជើញ​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ដោយផ្ទាល់​” ។​

​លោក ទាន សំណាង ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ថ្លែងអំណរគុណ​ដល់ ក​យ​កា ដែល​បានផ្តល់​វគ្គ​បណ្តុះបណ្តាល នេះ​ដល់​គ្រូ​បង្គោល របស់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។ លោក​ក៏បាន​ទទួលស្គាល់ និង​ផ្តល់​ការយល់ស្រប​ទៅលើ​គំនិត​ផ្តួចផ្តើម ដែល​បាន​ស្នើឡើង​ពី​ខាង​ភាគី​កូរ៉េ​៕​