ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់រស្មីកម្ពុជាថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជូនខ្លួនស្ត្រីជាម្តាយចិញ្ចឹមដែលបានប្រើប្រាស់អំពើហិង្សាមកលើកូនស្រី នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចទីតាំងខាងលើ ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រី ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
ជនសង្ស័យដែលត្រូវជាម្តាយចិញ្ចឹម ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែលក់កាហ្វេដូង ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯម្តាយបង្កើតក្មេងស្រីរងគ្រោះ ឈ្មោះ កេង សុភា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់៕