ដោយ:សុខុម/ព្រះវិហារ៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងអាវុធហត្ថនិងនគរបាលស្រុកជយ័សែនខេត្តព្រះវិហារបានឃាត់រថយន្តកែច្នៃដឹកឈើបានមួយគ្រឿងនិងឃាត់ខ្លួនអ្នកបើកបររថយន្តកាលពីម៉ោងជាង៩យប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថានៅម៉ោងជាង៩យប់ថ្ងៃទី២៥ខែឧសភាមានរថយន្តស៊ាំយ៉ុងដឹកឈើមួយគ្រឿងចេញពីភូមិពើក ឃុំពុទ្រា ស្រុកជយ័សែនតាមផ្លូវលេខ២៤ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ទាំងអ្នកបើកបរបញ្ជូនទៅរដ្ឋបាលព្រៃឈើស្រុកជ័យសែនដើម្បីអនុវត្តច្បាប់។
តាមការសាកសួរពីអ្នកបើកបររថយន្តដឹកឈើឈ្មោះ សៅវិចិត្រ អាយុ៣០ឆ្នាំ រស់នៅភូមិកោក ឃុំស្អាង ស្រុក
ជយ័សែនបានប្រាប់សមត្ថកិច្ចថាខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលបើករថយន្តដឹកឈើឲ្យថៅកែម្នាក់ឈ្មោះម៉េតដើម្បីយកទៅលក់នៅដេប៉ូឈ្មោះចែអូន នៅខេត្តកំពង់ធំតែប៉ុណ្ណោះ។ទាក់ទងនឹងការរត់ការនៅតាមដងផ្លូវ គឺឈ្មោះ ម៉េត ជាអ្នកទទួលខុសត្រូវ។
សមត្ថកិច្ចឲ្យដឹងទៀតថាឈើដែលបង្ក្រាបបាននោះមានជាងបួនម៉ែត្រគុប ជាប្រភេទឈើក្តារគ្រឿងផ្ទះ។
ជាការកត់សម្គាល់ក្រៅពីឈ្មួញឈ្មោះម៉េតក៏មានឈ្មួញដទៃទៀតរកស៊ីដឹកឈើជារៀងរាល់យប់ចេញពីស្រុកជ័យសែនខេត្តព្រះវិហារទៅលក់តាមដេប៉ូនៅខេត្តកំពង់ធំដែរ៕