ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថារដ្ឋាភិបាលទីក្រុងគៀវនឹងបំពេញតាមការទាមទាររបស់ខ្លួននៅកិច្ចពិភាក្សាស្វែងរកសន្តិភាព ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ(Dmitry Peskov)បានប្រតិកម្មនឹងសម្តីរបស់អតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិក ហេនរី ឃីសស៊ីងហ្គឺ (Henry Kissinger)ដែលនៅសប្តាហ៍នេះបានលើកឡើងនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្រិងដាវ៉ូសថា អ៊ុយក្រែនគួរអនុញ្ញាតអោយរុស្ស៊ីគ្រប់គ្រងតំបន់គ្រីម៉េ។
រដ្ឋាភិបាលទីក្រុងមូស្គូ កំពុងទាមទារអោយអ៊ុយក្រែនទទួលស្គាល់គ្រីម៉េ ជាទឹកដីរុស្ស៊ី និងទទួលស្គាល់ផ្នែកបំបែកខ្លួននៅភាគខាងកើតប្រទេសជារដ្ឋឯករាជ្យពីរ តែអ៊ុយក្រែនបានបដិសេធដាច់ខាតមិនព្រមកាត់ទឹកដីខ្លួនអោយរុស្ស៊ីនិងក្រុមផ្តាច់ទឹកដីដែលរុស្ស៊ីគាំទ្រទេ។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គីបានរិះគន់បទវិចារណកថារបស់កាសែត New York Timesនាពេលថ្មីៗនេះនិងសេចក្តីថ្លែងការណ៍ស្រដៀងគ្នាផ្សេងទៀតដោយឥស្សរជនលោកខាងលិចដ៏មានឥទ្ធិពលជាច្រើនរូបដែលលើកឡើងថា អ៊ុយក្រែនប្រហែលជាត្រូវលះបង់ទឹកដីខ្លះទៅដើម្បីបញ្ចប់ជម្លោះ។
ក្នុងពេលជាមួយគ្នា មានសេចក្តីរាយការណ៍ថា កងកម្លាំងរុស្ស៊ីកំពុងបាញ់ផ្លោងដាក់ទីប្រជុំជនជាង៤០នៅតំបន់ដុនបាស់ ដើម្បីចាប់យកភាគខាងកើតអ៊ុយក្រែន។
រុស្ស៊ីកំពុងបញ្ជូនទាហានរាប់ពាន់នាក់ចូលក្នុងតំបន់នេះ ដោយវាយប្រហារពីបីទិសក្នុងគោលបំណងឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែននៅក្នុងទីក្រុង ស៊ីវីរ៉ូដូណិតសខ៍(Sievierodonetsk)និងទីក្រុងលីស៊ីចាន់សខ៍(Lysychansk)។ បើទីក្រុងទាំងពីរនេះធ្លាក់ក្នុងដៃរុស្ស៊ី នោះខេត្តលុនហាន់សខ៍ទាំងមូលនឹងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ៕
អ៊ុយក្រែនអះអាងថា ទីក្រុងទីប្រជុំជនជាង៤០ស្ថិតក្រោមការបាញ់ផ្លោងសន្ធាប់ពីកងកម្លាំងរុស្ស៊ី