​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួងយុត្តិធម៌ សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ប្រចាំ​កម្ពុជា បានរៀបចំ សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ការរៀបចំ​គោលការណ៍​ណែនាំ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ពី​សាលាដំបូង​ខេត្ត​ក្រុង​ទូទាំងប្រទេស​ចំនួន ៥៨​រូប ចាប់ពី​ថ្ងៃទី ២៦​ដល់​២៧ ខែ ឧសភា ឆ្នាំ ២០២២​។​

​លោកស្រី ខៀវ សុ​ផានី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ការរៀបចំ អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​សៀវភៅ​ស្តីពី​គោលការណ៍​ណែនាំ​ក្នុងការ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោកស្រី​បាន​មានប្រសាសន៍ថា កាលពី ខែកុម្ភៈ​ក្រសួងយុត្តិធម៌​និង​អង្គការ WCS បានរៀបចំ​អង្គ​សិក្ខា​បែបនេះ​ម្តង​រួចមកហើយ​គឺ​ដើម្បី​ឆ្លើយ​តទៅ​នឹង​អា​នុ​សាសន៍​មួយ​ដែល​បាន​កើតឡើង​ដោយ​ក្រុមការងារ​បច្ចេកទេស​ក្រសួងយុត្តិធម៌​និង​អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា​។​ការ​រៀបចំឡើង​នេះដែរ​គឺ​ដើម្បី​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​និង​ចំណេះ​ជំនាញ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ក្នុងការ​ដោះស្រាយ​រឿងក្តី​ជួញដូរ​សត្វព្រៃ​ដែលមាន​លក្ខណៈ​អន្តរជាតិ និង​ដើម្បី​អាចឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ដែល​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​កំពុង​ជួបប្រទះ​។

​លោកស្រី បានឱ្យដឹង​ដែរ​ថា យោងតាម​លទ្ធផល​នៃ​ការវិភាគ​សំណុំរឿង​ការជួញដូរ​សត្វព្រៃ​នៅតាម​សាលាដំបូង​ខេត្ត​ក្រុង​កន្លងមក​គេ​បាន​រកឃើញ នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​កំពុង​ជួបប្រទះ មានដូចជា ការ គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត ការស្វែងរក និង​ការវិភាគ​ភស្តុតាង ការចោទប្រកាន់​ដែល​រួមមាន​ការកំណត់​អត្តសញ្ញាណ​ជនល្មើស និង​ជនសង្ស័យ ចំណាត់ថ្នាក់​បទល្មើស​…​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ ព្រហ្មទណ្ឌ និង​ការផ្តន្ទាទោស​ជាដើម​។


​លោកស្រី​សង្ឃឹម​ជឿជាក់ថា​ការរៀបចំ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​ទទួលបាន​ធាតុ​ចូល​បន្ថែម ទៅលើ​សេចក្តីព្រាង​គោលការណ៍​ណែនាំ នេះ​។ គោលការណ៍​ណែនាំ​ក្នុងការ​ដោះស្រាយ​រឿងក្ដី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ នឹង​ក្លាយជា​ឯកសារ​ជំនួយ ដំបូង​ដល់​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់ សម្រាប់​ដោះស្រាយ​រឿងក្ដី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅក្នុង​ប្រវត្តិ​នៃ ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​របស់​កម្ពុជា​។

​លោកស្រី​លើកឡើងថា​”​ដើម្បី​ទទួលបាន​ធាតុ​ចូល​បន្ថែម សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្ងៃនេះ ផ្ដោត​ជា​ចំបង​លើ​ការ គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត​និង​ការចោទប្រកាន់​និង​ការកាត់ក្តី​រឿងក្ដី​ជួញដូរ​សត្វព្រៃ “​។​

​លោក បណ្ឌិត កែន សេរី​រដ្ឋា នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ឬ​ហៅថា WCS ប្រចាំ​កម្ពុជា​បាន​ថ្លែងថា អង្គសិក្ខាសាលា​នេះ​នឹង​ផ្តល់​សារៈប្រយោជន៍​សំខាន់​សម្រាប់​បង្កើតជា​គោលការណ៍​ផ្លូវច្បាប់​ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​រាល់​អំពើ​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ការជួញដូរ​សត្វព្រៃ​បានកើត​ឡើងជា​សាកល ហើយ​កម្ពុជា​ក៏​ជា​កន្លែង​មួយ​ដែរ​ដែល​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​សម្រាប់​ឆ្លងកាត់​។​ហេតុនេះ​យើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ហើយ​ព្រម​ជាមួយគ្នា​យើង​ក៏ត្រូវ​មានច្បាប់​មួយ​ដ៏​រឹងមាំ​សម្រាប់​អនុវត្ត​ផងដែរ​៕​