ដោយៈមុនីរ័ត្ន/ភ្នំពេញ៖យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ​.​ជ​.​ប) នៅល្ងាច​ថ្ងៃទី​២៦ ខែឧសភានេះបានបញ្ជាក់ថា ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ ជា​ថ្ងៃទី​ប្រាំមួយ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គណបក្សនយោបាយ​ដែល​ដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត បានធ្វើ​សកម្មភាព​ឃោសនា​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ខ្លួន ដើម្បី​ស្វែងរក​សំឡេងឆ្នោត​។ ជារួម​សភាពការណ៍​ទូទៅ នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ក្នុង​ថ្ងៃទី​ប្រាំមួយ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។

សេចក្តីប្រកាសព័ត៌មានដដែលបាន​បន្តថា តាម​ការសង្កេត​ក្នុងការ​ឃោសនាបោះឆ្នោត​ថ្ងៃទី​ប្រាំមួយ​នេះ គណបក្សនយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់ បានធ្វើ​សកម្មភាព​ឃោសនា​តាម​លទ្ធភាព និង​មធ្យោបាយ​ផ្សេងៗ​ស្របតាម​កម្មវិធី​ដែល​បានកំណត់​។ នៅ​ខេត្ត​ព្រះសីហនុ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឯកភាព​ជាតិខ្មែរ និង​គណបក្ស​កម្ពុជា​និយម បានធ្វើ​សកម្មភាព​ឃោសនា​តាមរយៈ​ការចែក​ខិត្តប័ណ្ណ ជួបប្រជុំ បិទ​ផ្សាយ​រូបភាព ចាក់​មេក្រូ​ផ្សព្វផ្សាយ និង​ហែ​ក្បួន​ឃោសនា​។ ដោយឡែក​ការឃោសនា​ថ្ងៃនេះ ក៏មាន​ជួប​បញ្ហា​អាកាសធាតុ​តិចតួច​ផងដែរ គឺ​នៅ​ភូមិសាស្ត្រ​ខេត្តរតនគិរី​មាន​ភ្លៀង​ធ្លាក់​នាពេល​ព្រឹក ដែល​បាន​បង្អាក់​ដល់​ការហែក្បួន​ឃោសនា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​គណបក្សនយោបាយ​នៅតែ​បន្តធ្វើ​សកម្មភាព​ដទៃទៀត រួមមាន ការជួបប្រជុំ ការចែក​ខិត្តប័ណ្ណ និង​ការចាក់​មេក្រូ​ផ្សព្វផ្សាយ​។​

​សូម​ជម្រាបជូន​ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ ហើយ​គ្រប់​សកម្មភាព​ឃោសនា​ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប៕សរន