ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា មានបទពិសោធន៍ និង​មាន​ភាពចាស់ទុំ​ខាង​នយោបាយ ដោយសារ​ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​ច្រើនដង​មកហើយ។ ​ក្នុងនោះ​ការបោះឆ្នោត​ឃុំ​សង្កាត់​បាន​ចំនួនបួនដង និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បានប្រាំមួយ​ដង ។ ហេតុនេះ​រាល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មិនមាន​អ្វី​ប្លែក​ទេ គឺ​រក្សា​នៅ​គោលការណ៍​ច្បាប់ គោរព​គោលការណ៍​បទបញ្ជា នីតិវិធី ក៏ដូចជា​បទបញ្ជា​នានា​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)។ នេះ​ជាការ​បញ្ជាក់​របស់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ AMS នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ។

លោក សុខ ឥសាន (រូបថតឯកសារ)

​លោក សុខ ឥសាន បានបញ្ជាក់​ទៀតថា “​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្សកាន់អំណាច​រាប់សិប​ឆ្នាំ​មកហើយ ។ ​ខ្លឹមសារ​កម្មវិធី​នយោបាយ​មិនមាន​អ្វី​ប្រែប្រួល​ទេ ។បន្ត​កែលំអកម្មវិធី​នយោបាយ​ដែល​បានដាក់​ចេញ និង​បាន​អនុវត្ត​រួចហើយ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​កសាង​អភិវឌ្ឍន៍​ប្រទេស ភូមិ ឃុំ សង្កាត់​របស់​យើង ឲ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាង​រយៈពេល​កន្លងទៅនេះ និង​កែលំអ​ចំណុច​ណា​ដែល​ខ្វះខាត ចំណុច​ណា​ដែល​មិនទាន់​សុក្រឹតភាព ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​សុក្រឹតភាព ក្នុងទិសដៅ​តែមួយ​ទេ គឺ​ដើម្បី​កសាង​អភិវឌ្ឍន៍​ភូមិ ឃុំ សង្កាត់​របស់​យើង​ឲ្យ​កាន់តែ​ជា​ភូមិ​ឃុំ​ដែលមាន​សុវត្ថិភាព​លើ​គ្រប់​វិស័យ​”​។​

​ទាក់ទង​ការឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ លោក សុខ ឥសាន បាន​អះអាងថា ដោយសារតែ​ប្រជាពលរដ្ឋ​ទទួលបាន​មនុញ្ញផល នៃ​ការកសាង​អភិវឌ្ឍន៍​ភូមិ ឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​លក្ខណៈ​ងាយស្រួល​ច្រើន ដោយសារ​ប្រជាពលរដ្ឋ​មើលឃើញ​ច្បាស់​នឹង​ភ្នែក​នូវ​ស្នាដៃ​កសាង​អភិវឌ្ឍន៍​ប្រទេស​ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន​។ ជាពិសេស​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត​កំពុង​បានទទួល​នូវ​មនុញ្ញផល នៃ​សមិទ្ធផល​ទាំងឡាយ​ដែល​កសាង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម​យល់ថា ប្រជាជនមាន​មោទនភាព​ដែល​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​បន្តទៅទៀត និង​ មាន​សុ​ទិ​ដ្ឋ​និយម​ថា ប្រជាពលរដ្ឋ​មាន​មនោសញ្ចេតនា ក៏ដូចជា​ទឹកចិត្ត​ឆន្ទៈ​មោះមុតក្នុងការ​បោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​បន្ត​បេសកកម្ម​ដឹកនាំ​ប្រទេសជាតិ​តទៅទៀត​៕ ដោយ៖ ពល​ជ័យ​(ប្រភព AMS)