ដោយ:អង្គារ៍ហេង/ភ្នំពេញ .ជនសង្ស័យបីនាក់មានជំនាញខាងដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៤៤E ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទាំងបីនាក់មាន៖ ១-ឈ្មោះ មុីត មូស្លីម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។២- ឈា ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)និង ៣- សេន ស្មាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ(២) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ សុះ តហៀត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ១៤៤ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សម្ភារបាត់បង់មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មំ 1I-6803លេខតួរ+ម៉ាស៊ីន5803006 ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃ កើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូក្នុងផ្ទះចាក់សោ ក ម៉ូតូត្រឹមត្រូវ រួចចេញទៅក្រៅបាត់។ លុះក្រោយមកមានជនសង្ស័យចំនួនបួននាក់មកធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់អស់ទៅ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ ពាក្យនៅប៉ុស្តិ៍ ដែលក្រោយពីទទួលបណ្តឹងរួចមកសមត្ថកិច្ចជំនាញខណ្ឌនិង ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួនបីនាក់នៅថ្ងៃទី២៦ខែឧសភា វេលាម៉ោង១០ព្រឹកនៅចំណុចភូមិ២ សង្កាត់ច្រាំងចំរេះ១ នាំយកមកប៉ុស្តិ៍ច្រាំងចំរេះទី១ធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី៕