​ដោយ​៖ រ៉ា​ម៉ន​/​ព្រះសីហនុ​៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ក្នុង​រយៈពេល​៥ ឆ្នាំ​កន្លងទៅនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ សម្រេចបាន​សមិទ្ធិ ផល​ជាច្រើន​គួរ​ជាទី​មោ​ទកៈ ដែល​បាន​ចូលរួម​ប្រែក្លាយ​មុខមាត់​ខេត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​បាន​ចូលរួម​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល ។

​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌ មាន​របស់​អគ្គនាយក​ដ្ឋា​ន​វិទ្យុជាតិ​កម្ពុជា​ថា​៖ ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្ពស់ ដោយ​រាជរដ្ឋាភិបាល​បាន​ផ្តោត​ការវិនិយោគ​យ៉ាងសំខាន់​មកលើ​ភូមិសាស្ត្រ​ខេត្ត​មួយ​នេះ តាម រយៈ​យន្តការ​គ្រប់​វិស័យ​ទាំងអស់ ដូច្នេះ​ការអភិវឌ្ឍ​ផ្លូវថ្នល់ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​ទូទាំង​ខេត្ត គឺ​សុទ្ធតែ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ប្រែក្លាយ​ខេត្ត​ដ៏​មាន​សក្តានុពល​នេះ ឱ្យមាន​ភាពលេច​ធ្លោ​ទាំង​នៅក្នុង​ឆាក​ជាតិ​និង​អន្តរជាតិ ។​

​លោក​បាន​បន្តទៀតថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ មន្ទីរ​សាធារណការ​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ផែន ការសំខាន់ៗ​ដែល​បានដាក់ ចេញ​ឱ្យសម្រេចបាន​តាម​ការគ្រោង​ទុក ដោយបាន​អភិវឌ្ឍ ន៍​ផ្លូវ​ចំនួន​៣៧​ខ្សែ​ក្នុង​ក្រុង ដែលមាន​ប្រវែង​សរុប​៨៤ គីឡូម៉ែត្រ សាងសង់​រង្វង់​មូល​ចំនួន​៣​ទីតាំង សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន​៣ ទីតាំង ដែល​ទី​តាំងទី​៣​បាននិងកំពុង​សាងសង់ , សាង់សង់​ស្ថានីយ​បូមទឹក​កង្វក់​ចំនួន​៤​កន្លែង , អភិវឌ្ឍន៍​ផ្លូវ​ចំនួន​១០​ខ្សែ​ប្រវែង​សរុប​ជិត​៦០​គីឡូម៉ែត្រ (​ផ្លូវ​១០​ខ្សែ​ក្នុង​ក្រុង​និង​ផ្លូវ​ខេត្ត​១​ខ្សែ ) ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​ចំនួន​៥​ខ្សែ​ប្រវែង​សរុប​ជាង ២៧​គីឡូម៉ែត្រ ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា ជាដើម ។​

​លោក បញ្ជាក់ថា «​លើសពីនេះ​យើង​មាន​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា ដែលជា​ស្ថានីយ៍​បែប​ធម្មជាតិ ហើយ​យើង​ក៏បាន​ពង្រឹងសមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​របស់​យើង​ដើម្បី​ទទួល​ច្រោះ បាន​រហូត ដល់​ប្រហែលជា ៣០.០០០ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដោយ​កាលពីមុន​នៅពេលដែល​យើង​មិនទាន់បាន​បន្ថែម​វា ស្ថានីយ​ច្រោះ​ទឹក​នេះ​អាច​បានត្រឹមតែ​៧.០០០​ម៉ែត្រគូប តែប៉ុណ្ណោះ គឺ​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ ហើយ​ដូច​យើង​ឃើញ​ហើយ​ថា ខេត្ត​ព្រះសីហនុ​មានការ​រីក​លូត លាស់​ខ្លាំង​នៅក្នុង​អំឡុងពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ ។​ដូច្នេះ​ការបញ្ចេញ​ទឹក​កខ្វក់​នេះ​ក៏មាន​ច្រើន​ដែរ ។​

​លោក​បន្តថា​៖​នៅ​ខេត្ត​នេះ​មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ១៦​ហិកតា​របស់​ក្រសួង​សាធារណការ និង​ប្រភេទ​ប្រើប្រាស់​ជាតិគីមី​របស់​គណៈកម្មកា​រ​ឆ្នេរ​ដែល​លោក​បាន​សាងសង់​រួចហើយ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ស្ថានីយ៍​ទាំងអស់នេះ​បម្រើឱ្យ​ការ​ច្រោះ​ទឹក​កខ្វក់ ដើម្បី​ធានាថា មិនឱ្យ​មានទឹក​កខ្វក់​ហូរ​ចូលទៅក្នុង​សមុទ្រ ហើយ​ក្រៅពីនេះទៀត យើង​មាន​ស្ថានីយ​បូមទឹក​កខ្វក់ ដោយ​ទីតាំង​ខ្លះ​យើង​ដឹង​ហើយ​ថា​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​យើង​គឺមាន​ភ្នំ ដូច្នេះ​ស្ថានីយ​យើង​មាន​កន្លែង​ខ្លះ​មិនអាច​ហូរ​ទៅតាម​ធម្មជាតិ​បាន​ត្រឹមត្រូវ​ទេ ដូច្នេះ​យើង​ត្រូវការ​មាន​ស្ថានីយ៍​បូម ជាក់ស្ដែង​យើង​មាន​ស្ថានីយ​បូម​៨​ទីតាំង ដែល​បម្រើ​ការឱ្យ​ការបូមទឹក​កខ្វក់ ដើម្បី​ឆ្ពោះ ទៅ​អាង​១៦​ហិកតា ឬក៏​ឆ្ពោះ ទៅ​ស្ថានីយ​បូមទឹក​កខ្វក់​ដែល​យើង​បានរៀបចំ​»​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមទៀតថា ចំពោះ​គម្រោង​ថ្នាក់ ក្រោម​ជាតិ ក៏​សម្រេចបាន​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ​ចំនួន​៤៤​ខ្សែ ដែលមាន​ប្រវែង​សរុប​៤៣​គីឡូ ម៉ែត្រ ដែលជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង និង​ជា​ផ្លូវ DBST ផងដែរ ដែល​សមិទ្ធ ផល​ទាំងអស់នេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ រដ្ឋាភិបាល ក្នុងការ​ចូលរួមចំណែក​កាន់​បន្ថយ​ភាពក្រីក្រ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ ជាពិសេស​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព នាពេល​អនាគត ៕​