ដោយ៖រ៉ាម៉ន/ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុដាក់ចេញផែនការជាច្រើនដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នាឱកាសព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូនមានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហឹង្សា ។
នេះជាការ ថ្លែងរបស់លោក ឡុង ឌីម៉ង អភិបាលរង ខេត្តព្រះសីហនុក្នុងកិច្ចសម្ភានស៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ថ្មីៗនេះថា តាមប្រតិទិន របស់គណៈកម្មា ធិការជាតិរៀបចំការបោះ ឆ្នោតហៅកាត់ថា « គ.ជ.ប » នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ ដូចនេះ អាជ្ញាធរខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត បានខិតខំជំរុញ ឱ្យប្រជាពល រដ្ឋប្រើប្រាស់សិទ្ធិ ចូលរួមបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមត្ថភាព បទពិសោធ និងឆន្ទៈមោះមុត ក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកបន្តថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានកំណត់នូវយន្តការ និងរចនាសម្ព័ន្ធ សន្តិសុខ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយ នឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគ.ជ.ប ធ្វើជាគណៈកម្មការឃុំ សង្កាត់ ដោយគោរពបានទៅតាមបទបញ្ញត្តិ ដែលគោលការណ៍ស្ដីពីការបោះឆ្នោតក៏ដូចជាបទបញ្ជានីតិវិធីគ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់ ក្រោមជាតិប្រកបដោយក្រម សីលធម៌។ លោកបន្តថា៖មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្ត បានត្រៀម កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថធ្វើយ៉ាងណា ត្រូវបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះឆ្នោត ក្រុម ប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ឱ្យបានល្អ ពិសេសធានាឱ្យបាន នូវសន្តិសុខសុវត្ថិភាពរបៀប រៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យដំណើរការនៃការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ បានប្រព្រឹត្ត ទៅដោយរលូនដោយគ្មានការភ័យខ្លាច បំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាណាមួយកើតឡើងនោះទេ។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា នៅទូទាំងខេត្តមាន ឃុំ សង្កាត់ចំនួន ២៩ និងមានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ១៣៦២៧៥មានការរិយាល័យបោះឆ្នោត៣១៧ និងមានគណបក្សប្រកួតចំនួន១១ ដូច្នោះលោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ សូមចូល រួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តឡើងនៅពេលឆាប់ៗខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ៕