ដោយៈបាយ័ន/សៀមរាប៖កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានធ្វើលិខិតផ្លូវការជម្រាបទៅប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តសៀមរាបស្ដីពីសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សភ្លើងទៀនដែលបានរំលោភលើការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
គណៈកម្មការៀបចំការបោះឆ្នោតខេត្តបានរំលឹកថា យោងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ចបឃ.ស) -ប្រកាសលេខ ៥៤០៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញបពីហ្គីគណបក្សនយោបាយ -សេចក្តីណែនាំលេខ ០៤៦ គជ.បសណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ របស់ គ.ជ.ប។
លិខិតបន្តថា សូមជម្រាបជូនលោកប្រធានជ្រាបថា ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានទទួលព័ត៌មានជាវីដេអូ ក្នុងសកម្មភាពហែក្បួនឃោសនា របស់គណបក្សភ្លើងទៀន នៅសង្កាត់ស្លក្រាម (០៦៥) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២ និង១០ នាទីរសៀល ដែលសកម្មជន ឬ អ្នកគាំទ្រគណបក្សភ្លើងទៀន បានស្រែកជ័យឃោសថា៖ “ជយោ! គណបក្សសង្គ្រោះជាតិ”។ ខ្លឹមសារនេះ គឺកំពុងផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹងអតីត គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសាលដីកាលេខ ៣៤០ (ឆ)របស់តុលាការកំពូល និង ប្រកាសលេខ ៥៤០៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការលុបគណបក្សសង្គ្រោះជាតិ ចេញពីគណបក្សនយោបាយ ព្រមទាំងពុំឆ្លើយតបនឹងមាត្រា ៦៧ និងផ្ទុយពីខ្លឹមសារមាត្រា ៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។
គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត សូមជម្រាបលោកប្រធាន ធ្វើការណែនាំដល់សកម្មជន ឬ អ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ឱ្យបញ្ឈប់ការស្រែកជ័យឃោសផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹង អតីតគណបក្សសង្គ្រោះជាតិ។ ក្នុងករណីសកម្មភាពនេះនៅតែបន្ត គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត នឹង ចាត់វិធានការតាមផ្លូវច្បាប់។
លិខិតបញ្ចប់ដោយការបញ្ជាក់ថា សូមលោកប្រធាន គោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ តាមការគួរ៕
សូមជូនលិខិត៖