ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល ជាមួយ​ប្រតិភូ គ្រូបង្វឹក និង​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា ដែល​ទើប​ទទួល បាន​មេដាយសំរិទ្ធ ជា​ប្រវត្តិសាស្ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា លោក​ពិត​សប្បាយចិត្ត ដែល​បានឃើញ​ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា​ដណ្តើមបាន​មេដាយសំរិទ្ធ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ បន្ទាប់ពី​យក ឈ្នះ​ក្រុម​កីឡាបាល់ទះ​ថៃ គឺជា​ក្រុម​ខ្លាំង​មួយ ក្នុងចំណោម​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ាន ។ នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត សម្រាប់​ប្រទេស​កម្ពុជា ដែល​ដណ្តើម SEA GAMES ប្រភេទ​កីឡាបាល់ទះ ក្រោយ​ខក​ខាត​ទទួលបាន​ជាង​៤០​ឆ្នាំ​មកហើយ ។​

​លោក​ប្រធាន​បន្តថា សូម​ឲ្យ​ក្រុមកីឡា​បាល់ទះ​យើង​ត្រូវ​បន្ត​ការ ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​បន្ថែម​ទៀតហើយ​លោក​នឹង​ឲ្យ​ក្រុម​បាល់ទះ​មានឱកាស​ប្រកួត​មិត្តភាព​ ​កម្តៅសាច់ដុំ​ជាមួយ​ក្រុម​បាល់ទះ ប្រទេស​បារាំង និង​ប្រទេស​គុយបា នៅ​ប្រទេស​កម្ពុជា ឬក៏​បញ្ជូន​ក្រុម​នេះ ឲ្យ​ទៅ​ប្រទេស​បារាំង និង​ប្រទេស​គុយបា​ដើម្បី​ដកស្រង់​បទពិសោធន៍ មុន​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ឧបត្ថម្ភ​ដល់​ប្រតិភូ គ្រូបង្វឹក និង​ក្រុម​កីឡាករ ចំនួន ២៥​នាក់ ក្នុង​ម្នាក់​ថវិកា​ចំនួន ២០០​ដុល្លារ ៕​