​ប្រែ​សម្រួល :កញ្ញា​ដា​លី​ស ( VNExpress) ៖ ប្រសិន​បើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក​គិតថា​ពួកគេ​អាច​ពង្រីក​ការ​គ្របដណ្តប់​របស់​ពួកគេ​នៅក្នុង​ប្រទេស​ចិន​នៅក្នុង​យុគសម័យ​រថយន្ត​អគ្គិសនី ពួកគេ​អាច​នឹង​មិន​ជោគជ័យ​ទេ​។​

​ស្តេច​នៃ​យុគសម័យ​រថយន្ត​ចំហេះ​ឥន្ធនៈ​ដូចជា General Motors និង Volkswagen កំពុង​ដើរ​ចាញ់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី (EV)​ដែល​កំពុង​រីកចម្រើន​​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មួយ​ផ្តោត​សំខាន់​ការផ្តល់​មូលនិធិ​និង​ការអភិវឌ្ឍ​មហិច្ឆតា​រថយន្ត​អគ្គិសនី​និង​រថយន្ត​ស្វយ័ត​របស់​ខ្លួន​។​

​សម្រាប់​បុគ្គលិក​ការិយាល័យ​នៅ​ទីក្រុង​ប៉េកាំង​គឺ​នាង ធៀន​ណា ចេង (Tianna Cheng) បញ្ហា​ចម្បង​នៅពេល​នាង​ទិញ​រថយន្ត​អគ្គិសនី​បែប Crossover ម៉ាក Xpeng តម្លៃ ១៨ ម៉ឺន​យ័ន (២៧.០០០ ដុល្លារ​) គឺ​ថា​តើ​នាង​គួរតែ​ទិញ​រថយន្ត BYD ឬ​រថយន្ត Nio ជំនួស​វិញ​ឬ​យ៉ាងណា​។ នាង​មិន​ចាប់​អារម្មណ៍​ចង់​ទិញ​រថយន្ត​អគ្គិសនី​ម៉ាក​ល្បី​នៅ​ក្រៅ​ប្រទេស​ទេ​។​

​ខណៈ​នាង​បើក​ឡាន​មក​ផ្ទះ​ពី​កន្លែងធ្វើការ នាង​ចេង​វ័យ ២៩ ឆ្នាំ​បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​ទិញ​រថយន្ត​ប្រើ​សាំង ខ្ញុំ​ប្រហែល​ជា​ពិចារណា​ម៉ាក​បរទេស​។ ប៉ុន្តែ​ខ្ញុំ​ចង់​បាន​រថយន្ត EV ហើយ​ក្រៅ​ពី​រថយន្ត Tesla ខ្ញុំ​មើល​ឃើញ​ម៉ាក​បរទេស​តិចតួច​ណាស់ ដែល​អនុវត្ត​បច្ចេកវិជ្ជា​ឆ្លាត​វៃ​ទំនើប​ឱ្យ​បាន​ត្រឹមត្រូវ​”​។​

​ជំរុញ​ដោយ​តម្រូវការ​ពី​អ្នក​ប្រើប្រាស់​ដូចជា​នាង​ចេង ការលក់​រថយន្ត​អគ្គិសនី​កំពុង​មាន​សន្ទុះ​នៅក្នុង​ទីផ្សារ​រថយន្ត​ដែល​មាន​តម្លៃ​ប្រហែល ៥០០​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ធំ​បំផុត​​របស់​ពិភពលោក​។​

​ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ ចំនួន​រថយន្ត​ថាមពល​ថ្មី គឺ EV(​អគ្គិសនី​) សុទ្ធ និង​រថយន្ត​អគ្គិសនី​ហាយ​ប្រ៊ី​ដ បាន​កើន​ឡើង​ជាង​ពីរដង​ធៀប​នឹង​ឆ្នាំ​មុន​រហូត​ដល់ ១,៤៩​លាន​គ្រឿង​នេះ​បើ​​យោង​តាម​ទិន្នន័យ​ពី​សមាគម​រោងចក្រ​ផលិត​រថយន្ត​ចិន​។​

​បច្ចេកវិជ្ជា​ស្អាត​មាន​ចំណែក ២៣ ភាគរយ​នៃ​ទីផ្សារ​រថយន្ត​របស់​ចិន ទី​ដែល​ការលក់​រថយន្ត​ទាំងមូល​បាន​ធ្លាក់ចុះ ១២ ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​តម្រូវការ​រថយន្ត​ប្រើ​សាំង​។​

​មិន​មាន​ម៉ាក​បរទេស​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូល​ទាំង ១០ នៅក្នុង​ផ្នែក​រថយន្ត​ថាមពល​ថ្មី (NEV)​នៅ​ឆ្នាំ​នេះ​ទេ លើកលែង​តែ​ក្រុមហ៊ុន Tesla​ដែលជា​អ្នកត្រួសត្រាយ​រថយន្ត​អគ្គិសនី​​របស់​សហរដ្ឋ​អាម៉េរិក​ឈរ​នៅ​លំដាប់​ទី​បី នេះ​បើ​យោងតាម​ទិន្នន័យ​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន​។​

​ក្រៅពី​នេះ​គឺជា​ម៉ាក​រថយន្ត​របស់​ចិន​ទាំងអស់​រាប់​ចាប់ពី​ម៉ាក BYD និង Wuling រហូត​ដល់​ម៉ាក Chery និង Xpeng ។ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ឈាន​មុខ​របស់​ចិន BYD បាន​លក់​រថយន្ត EV ប្រហែល ៣៩០.០០០ គ្រឿង​ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំនេះ ពោលគឺ​ច្រើនជាង​បី​ដង​នៃ​ចំនួន​រថយន្ត​របស់ Tesla ដែល​បាន​លក់​នៅ​ទីនោះ​។ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​តែងតែ​ជាប់​ចំណាត់ថ្នាក់​កំពូល​គឺ​ក្រុមហ៊ុន Volkswagen ដែល​បណ្តាក់​ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន FAW Group ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៥ សម្រាប់​ការលក់​រថយន្ត EV ។​

​នាង​ចេង​និយាយថា ម៉ាក​រថយន្ត​បរទេស​មិន​ថា Buick Velite 7 ឬ ID របស់ Volkswagen ទេ គឺ​ខកខាន​មិន​បាន​ផ្តល់​នូវ​អ្វី​ដែល​នាង​កំពុង​ស្វែងរក​ទេ ពោលគឺ​រថយន្ត EV ដែល​មាន​សមត្ថភាព​ផ្តល់​ឱ្យ​នាង​នូវ “​ភាពងាយស្រួល​” នៃ​ការ​មានបទពិសោធន៍​ដូច​ស្មា​ត​ហ្វូន​នៅក្នុង​រថយន្ត​របស់​នា​ង​។​

​នាង​ចេង ដែល​ជំនួយការ​ឌីជីថល​របស់​នាង​គ្រប់គ្រង​ការភ្ជាប់​ទៅ​កម្មវិធី​ដូចជា Alipay និង Taobao​និង​ធ្វើ​អ្វីៗ​ជំនួស​នាង​ដូច​ជា​ការបើកទ្វារ​រហូត​ដល់​ការចាក់​តន្ត្រី​ខណៈ​សូ​ហ្វ​វែ​អាប់​ដេ​ត​​ខ្លួន​វា​ពេល​កំពុង​បើកបរ បាន​និយាយថា “​រថយន្ត​បរទេស​ដើរ​យឺត​ឆ្ងាយ​ពី​ណាស់​ពី​បទ​ពិសោធន៍​ជីវិត​និង​របៀបរបប​រស់នៅរ​បស់​ខ្ញុំ​”​។​

​វា​ពិតជា​ក្រឡាប់​ចាក់​ណាស់​។ ម៉ាក​យីហោ​សកល​បាន​គ្របដណ្ដប់​នៅ​ក្នុងប្រទេស​ចិន​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដែល​ជា​ធម្មតា​ទទួលបាន​ចំណែក ៦០-៧០​ភាគរយ​នៃ​ការលក់​រថយន្ត​នៅក្នុង​ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​នេះ​។ ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ ពួកគេ​បាន​ចាប់​យក​ចំណែក​ទីផ្សារ​បាន ៥២ ភាគរយ​ជាមួយនឹង​ចំណែក​ប្រចាំខែ​ខែ​មេសា​របស់​ពួកគេ​មាន​ចំនួន ៤៣ ភាគរយ​។​

​ដោយ​បង្ហាញ​ពី​ទំហំ​នៃ​បញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រពៃណី​កំពុង​ជួបប្រទះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nissan លោក ម៉ាកូ​តូ អ៊ូ​ឈីដា (Makoto Uchida)​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​​ព័ត៌មាន​រ៉​យ​ទ័​រថា ម៉ាក​យីហោ​មួយចំនួន “​អាច​បាត់​ខ្លួន​ក្នុង​រយៈពេល​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​ទៀត​” នៅក្នុង​ប្រទេស​ចិន​។​

​លោក​អ៊ូ​ឈីដា ដែល​ធ្លាប់​ជា​ប្រធាន​ក្រុមហ៊ុន Nissan ប្រចាំ​ប្រទេស​ចិន បាន​និយាយថា “​ម៉ាក​យីហោ​ក្នុងស្រុក​កាន់តែ​រឹងមាំ​” ដោយ​បន្ថែម​ថា គុណភាព​នៃ​រថយន្ត EV ពី​ក្រុមហ៊ុន​ផលិត​របស់​ចិន​មាន​ភាពប្រសើរ​ឡើង​យ៉ាង​ឆាប់រហ័ស ដោយ​ភាពទំនើប​ត្រូវបាន​ធ្វើឡើង​ក្នុង​ចន្លោះ​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។​

​នាយក​ប្រតិបត្តិ​រូបនេះ​បាន​និយាយថា “​វា​នឹង​មាន​ការផ្លាស់ប្តូរ​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​ចិន ហើយ​យើង​ត្រូវតែ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​នូវ​ស្ថានភាព​នេះ​” ដោយ​បន្ថែម​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ត្រូវតែ​មាន​ភាពរហ័សរហួន​ក្នុងការ​រចនា ការអភិវឌ្ឍ និង​ការចេញ​ម៉ូ​ដែល​ថ្មីៗ​។​

​លោក​និយាយថា “​នៅក្នុង​ទិដ្ឋភាព​ទាំងនោះ ប្រសិនបើ​យើង​យឺត យើង​នឹង​បរាជ័យ​”៕

រថយន្ត​អគ្គិសនី Velite 6 របស់​ក្រុមហ៊ុន​អាម៉េរិក GM ដាក់តាំង​បង្ហាញ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី​១៥​មេសា ឆ្នាំ​២០១៩