​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ដ្រូ​ន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ឧបករណ៍​ចាប់​សញ្ញា​សម្រាប់​ពិនិត្យ​សណ្ឋាន​ដី ឧបករណ៍​បាញ់​ជីរ​ដោយ​ចុច​តែ​ប៊ូ​តុង​មួយ ចម្ការ​មួយ​នៅ​ម៉ាឡេស៊ី​កំពុង​ប្រើ​វិធីសាស្ត្រ​បច្ចេកវិជ្ជា​ខ្ពស់​ដើម្បី​ជំរុញ​ដំណាំ​ទុរេន​។​

​ដាំ​ដុះ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ អ្នកគាំទ្រ​បាន​សរសើរ​ទុរេន​ជា “​ស្តេច​ផ្លែឈើ​” ដោយសារ​រសជាតិ​ផ្អែម​មុត​និង​សាច់​ពណ៌​មាស​ស្អិតរ​មួ​តរប​ស់វា ហើយ​វា​មាន​ប្រជាប្រិយភាព​ខ្លាំងជាងគេ​នៅក្នុង​ប្រទេស​ចិន​។​

​ប៉ុន្តែ​សម្រាប់​អ្នក​ស្អប់​ទុរេន វា​គឺជា​ផ្លែ​ឈើ​ដែល​មាន​ក្លិនស្អុយ​ជាងគេ​លើ​ពិភពលោក ព្រោះ​តែ​ក្លិន​វា​ស្អុយ​ស្រដៀង​នឹង​កាកសំណល់​អាហារ​រលួយ ដែល​នាំឱ្យ​គេ​ហាមឃាត់​វា​នៅក្នុង​សណ្ឋាគារ និង​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ទូទាំង​តំបន់​។​

​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង ក្រុមហ៊ុន​ដាំ​ផ្លែឈើ Top Fruits Plantations របស់​ម៉ាឡេស៊ី​បាន​ងាក​ទៅរក​វិធីសាស្ត្រ​បច្ចេកវិជ្ជា​ខ្ពស់​ដើម្បី​លើកកម្ពស់​ទិន្នផល​របស់ខ្លួន​។​

​នាយក​គ្រប់គ្រង​លោក តាន់ ស៊ូ សៀន (Tan Sue Sian) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ក្នុងអំឡុងពេល​ចុះ​មើល​ថ្មីៗ​នេះ​នៅ​ចម្ការ​មួយ​របស់​ក្រុមហ៊ុន​នៅ​តំបន់​បា​ទូ​ប៉ា​ហា​ត់ (Batu Pahat) ក្នុង​រដ្ឋ​ចូហ័រ​ភាគខាងត្បូង ថា “​វា​ជា​វិធី​លឿន​ជាង​មុន​ក្នុង​ការទទួល​បាន​លទ្ធ​ផល​ជាប់លាប់​”​។​

​លោក​បាន​បន្តថា ការប្រើ​បច្ចេកវិជ្ជា​អនុញ្ញាត​ឱ្យ​កសិក​រវាស់​ស្ទង់​បាន​កាន់តែច្បាស់​ថា​តើ​ជីរ​និង​ទឹក​ប៉ុន្មាន​ដែល​ដើមឈើ​ត្រូវការ​។​

​លោក​តាន់ ដែល​មាន​បទពិសោធន៍​ដាំ​ទុរេន​ជាង ៣០ ឆ្នាំ បាន​បន្ថែមថា “​នៅពេល​ដែល​អ្នក​ផ្តល់​អ្វី​ដែល​ចាំបាច់ ផ្លែឈើ​នឹង​កាន់តែ​មាន​ភាព​ជា​ប់លាប់​។ រូបរាង​នឹង​កាន់តែ​ល្អ ហើយ​ក្លិន​ក៏​កាន់តែ​ប្រសើរ​”​។​

​គន្លឹះ​នៅ​ក្នុង​ជំរុញ​ទិន្នផល​គឺ​ឧបករណ៍​ចាប់​សញ្ញា​ដែល​គ្របដណ្តប់​ទូទាំង​ដីចម្ការ ៤០០ អារ (១៦០ ហិកតា​) នៃ​ចម្ការ ៧០០ អារ​របស់​ក្រុមហ៊ុន Top Fruits នៅ​តំបន់​បា​ទូ​ប៉ា​ហាត់ ដោយ​បញ្ជូន​ទិន្នន័យ​អំពី​គុណភាព​ដី​និង​ខ្លឹមសារ​នានា​ទៅ​កាន់​ឧបករណ៍​កាន់​នៅ​នឹង​ដៃ​របស់​កម្មករ​។​

​ឧបករណ៍​ចាប់​សញ្ញា​គឺជា​ប្រអប់​ដែល​បំពាក់​នៅលើ​បង្គោល​ដែល​ភ្ជាប់​ទៅនឹង​ដី​ជាមួយនឹង​ខ្សែភ្លើង​ជាច្រើន​ស៊េរី​។ នៅ​ឆ្នាំ ២០២៤ ចម្ការ​ទាំងមូល​គួរតែ​ត្រូវបាន​បំពាក់​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា​។​

​ឧបករណ៍​បាញ់ស្រោច ដែល​ភ្ជាប់​ទៅ​ប្រព័ន្ធ​ទុយោ​ទឹក ត្រូវបាន​បញ្ជា​ឱ្យ​ដំណើរការ​ពី​ចម្ងាយ​ដើម្បី​បាញ់​ជីរ​ទៅ​លើ​ដើម​ទុរេន ខណៈ​ដ្រូ​ន​ហោះ​ពី​លើ​មេឃ​ដើម្បី​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត​។​

​វិធីសាស្ត្រ​បែប​នេះ​គឺ​មិន​ធ្លាប់​ឮ​ពីមុន​មក​ទេ​នៅ​តាម​ចម្ការ​ទុរេន​នៅ​ម៉ាឡេស៊ី ជា​ទី​ដែល​អ្នក​ដាំ​ភាគច្រើន​ពឹង​លើ​កម្លាំង​ពលកម្ម​ទ្រង់ទ្រាយ​ធំ ការចេះ​ដាំ​តៗ​គ្នា និង ការដាំ​ស្មានៗ​។​

​ការវិនិយោគ​លើ​បច្ចេកវិជ្ជា​ក៏​អស់​ច្រើន​មិន​ធម្មតា​ដែរ​។ ក្រុមហ៊ុន Top Fruits បាន​ចំណាយ ៤ លាន​រីង​ហ្គី​ត (៩១ ម៉ឺន​ដុល្លារ​) ក្នុងអំឡុង​បី​ឆ្នាំ​ចុងក្រោយ​លើ​បច្ចេកវិជ្ជា​។

​ប៉ុន្តែ​វា​បាន​នាំឱ្យ​កើន​ទិន្នផល​ខ្ពស់​ជាង​មុន ៤០ ភាគរយ ខណៈ​កម្លាំង​ពលកម្ម​ត្រូវបាន​កាត់បន្ថយ​បាន​ចំនួន ៣០ ភាគរយ​។​

​ឥឡូវ​ក្រុមហ៊ុន​អាច​ផលិត​ទុរេន​បាន ៨០០ តោន​ពី​ចម្ការ​រៀងរាល់ឆ្នាំ ដោយ​ទិន្នផល​ជាង​៨០​ភាគរយ​ត្រូវបាន​បង្កក​នៅ​រោងចក្រ​ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ដែល​ភាគច្រើន​គឺ​នាំ​ទៅ​ចិន​។​

​ដើម្បី​បង្កើន​ទិន្នផល​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត ក្រុមហ៊ុន Top Fruits កំពុង​ធ្វើ​ការស្រាវជ្រាវ​ដោយ​បង្កើ​មន្ទីរពិសោធន៍​និ​ង​សហការ​ជាមួយ​សាកលវិទ្យាល័យ​ក្នុងស្រុក​៕

​កម្មករ​ពិនិត្យ​ឧបករណ៍​ចាប់​សញ្ញា​សម្រាប់​ពិនិត្យ​គុណភាព​ដី​នៅ​ជិត​ដើម​ទុរេន​នៅ​ចម្ការ​ទុរេន Top Fruit

​បុគ្គលិក​រោងចក្រ​Top Fruit​ពិនិត្យ​សាច់​ទុរេន​និង​កំរិត​អ៊ីដ្រូហ្សែន​ក្នុង​សាច់​ទុរឹ​រេន​កាលពី​ថ្ងៃ​២៦​ឧសភា​