ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ របស់​រាជធានី​ភ្នំពេញ ដែល​បាន និង​កំពុង​ស្ថាបនា ពេលនេះ មានតម្លៃ​សាងសង់ ប្រមាណ​ជាង ២៦៧ លាន​ដុល្លារ អាម៉េរិក ហើយ​ផ្លូវ​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​សម្រួល ឬ​រំដោះ​ចរាចរណ៍ មិនឱ្យ​មានការ​កកស្ទះ នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារតែ រថយន្ត ដែល​ត្រូវ​ឆ្លងកាត់ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ គឺ​មិនចាំបាច់​ឆ្លងកាត់ រាជធានី​ភ្នំពេញ​នោះទេ​។​

​សម្រាប់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ គិត​មកដល់​ចុងខែ​ឧសភា ឆ្នាំ​២០២២​នេះ ការដ្ឋាន​សាងសង់ សម្រេច​លទ្ធផល​បាន ៧៣,៧០% នៃ​គម្រោង​ហើយ ។ ផ្លូវ​នេះ ជា​ផ្លូវ​ក្រវាត់​ទីក្រុង ពី​តំបន់​ទិស ខាងលិច ខាងត្បូង ទៅ​ភ្ជាប់​តំបន់​ខាងកើត រាជធានី​ភ្នំពេញ មាន​ប្រវែង ៥៣ គីឡូម៉ែត្រ ទទឹង ២២ ម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​១ ជា​ប្រភេទ​ផ្លូវ​បេតុង​អារ​មេ កម្រាស់ ២២ សង់ទីម៉ែត្រ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​សម្រួល​ចរាចរណ៍ មិនឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី ភ្នំពេញ ដោយសារតែ​រថយន្ត ដែល​ត្រូវ​ឆ្លងកាត់ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ គឺ​មិនបាច់​ឆ្លងកាត់ រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​ស្ទះចរាចរណ៍​ទៀត នោះទេ ពោលគឺ ពួកគាត់ អាច​វាង​រាជធានី​ភ្នំពេញ បាន​ដោយ​ស្រួល​។ ទី​២ ទៀត ការកកស្ទះ នៅក្នុង​ក្រុង យើង​ក៏​អាច​ប្រើប្រាស់​ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ បាន​ផងដែរ​។ រោងចក្រ សហគ្រាស និង​ឃ្លាំង​មួយចំនួន ពួកគាត់​ក៏​អាច​ប្រើប្រាស់ ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​នេះ ដឹកទំនិញ បាន​ផងដែរ ដោយ​មិន​បង្កឱ្យមាន​ការ កកស្ទះ​ចរាចរណ៍​ឡើយ​។​

​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ថាៈ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤-​ផ្លូវជាតិ​លេខ​១) ប្រវែង​សរុប ៥២,៩៨៣ គីឡូម៉ែត្រ ផ្លូវ​មេ ៤៧,៦០៨ គីឡូម៉ែត្រ ក្រាល​បេតុង ស៊ឺ​ម៉​ង​ត៍ សរសៃដែក ទទឹង ២២ សង់ទីម៉ែត្រ កម្រាស់​បេតុង​ស៊ីម៉ងត៍​សរសៃដែក ២២ សង់ទីម៉ែត្រ​។ ផ្លូវ​ខ្នែង ៥,៣៧៥ គីឡូម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) ទទឹង ១០ ម លើ​តួ​ផ្លូវ ១២​ម៉ែត្រ កម្រាស់ AC ៩ សង់ទីម៉ែត្រ ។​

​កំណាត់​ផ្លូវ​មេ ក្នុង​ទីប្រជុំជន ២,៨០ គីឡូម៉ែត្រ មាន​ទទឹង​សរុប ២៧ ម៉ែត្រ​។ កំណាត់​ផ្លូវ​មេ ក្រៅ​ទីប្រជុំជន ៤៤,៨០ គីឡូម៉ែត្រ មាន​ទទឹង​សរុប ២៥ ម៉ែត្រ ខ្សែ​ផ្លូវ​កាត់​ភូមិសាស្ដ្រ រាជធានី​ភ្នំពេញ ១៥,៤២ គីឡូម៉ែត្រ ខ្សែ​ផ្លូវ​កាត់​ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦ គីឡូម៉ែត្រ (​ផ្លូវ​មេ ៣២,១៩ គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង ៥, ៣៧ គីឡូម៉ែត្រ​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ ចំពោះ​តម្លៃ​សាងសង់ ស្មើនឹង ២៦៧,៦៧ លាន​ដុល្លា អាម៉េរិក (Shanghai Construction Group Co., Ltd.) ។ តម្លៃ​ត្រួតពិនិត្យ​គម្រោង ៥,៣៨ លាន ដុល្លា​អាមេរិក (Gangzhou Wanan Construction Supervision Co, Ltd.) ។ ត​ភ្ជាប់​ទៅនឹង​ផ្លូវ ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ និង​ភ្ជាប់​ទៅនឹង​ស្ពាន ឈ្នះ​ឈ្នះ និង​មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ដែល​នឹង​ប្រែក្លាយ​ទៅជា​ផ្លូវ ក្រវាត់ក្រុង​ដ៍​ធំ និង​ទំនើប​មួយ បម្រើ​ឲ្យ​ជា​ផ្លូវ ដឹក​ជ​ញ្ជួ​ន វាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ ២១ ឆ្លងកាត់​ទន្លេបាសាក់ ព្រមទាំង​កោះ អន្លង់​ចិន និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​១ ពិសេស ត​ភ្ជាប់​ទៅ​ចំណត​ផែ​កុង តេ​ន័​រ​ថ្មី របស់​កំពង់ផែ ស្វយ័ត​ភ្នំពេញ នៅ​ស្រុក​កៀនស្វាយ ក៏ដូចជា ការបំពេញ​ឱ្យ​ការតភ្ជាប់ ផ្លូវ​អាស៊ាន​ហាយវ៉េ (AH1 និង​AH11) និង​ផ្លូវ​របៀង សំខាន់ៗ (​របៀង​កណ្ដាល និង​របៀង​សេដ្ឋកិច្ច ភាគខាងត្បូង​) របស់ មហា​អនុ តំបន់​មេគង្គ​។ ចំណុច​ចាប់ផ្ដើម : NR4 (PK:14+105) ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕/V​-PC