ដោយ​: បាយ័ន / សៀមរាប​: សិស្ស​វិទ្យាល័យ​ម្នាក់ ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់ ហើយ​រថយន្ត​នោះ បើក​រត់គេច​បាត់​ពី​កន្លែងកើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី យប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ ស្ថិតនៅ​ត្រង់ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​នាគ​ទេព ២០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តសៀមរាប បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​រថយន្ត ដោយ​ម៉ូតូ​ម៉ាក MSX ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ សៀមរាប 1AC 5170​។​

​អ្នកបើកបរ​ម៉ូតូ​ដែលជា​ជនរងគ្រោះ មានឈ្មោះ សុខ សុវណ្ណ​បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ជនរងគ្រោះ​បើក​ម៉ូតូ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​ជា​សិស្ស​វិទ្យាល័យ​អង្គរ ក្រុង​សៀមរាប ថ្នាក់​ទី​១២​។ ចំណែក​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ពី​កន្លែងកើតហេតុ​បាត់​៕​