ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ នគរបាល​ស្រុក​បសេដ្ឋ ចាប់ខ្លួន​នារី ពីរ​នាក់ ដែលជា​ថៅកែ​ហាង និង​នារី​ម៉ាស្សា បន្ទាប់ពី​មាន​បណ្តឹង​ពី​បុរស​ម្នាក់ ដែលជា​ភ្ញៀវ​ថា បាន​បាត់​លុយ​ជាង ១ ពាន់​ដុល្លារ ពេល​ចូលទៅ​ម៉ាស្សា នៅ​ទីនោះ ដោយ​បន្លំ​លួច ពេល​កំពុង​ម៉ាស្សា​។ ការឃាត់ខ្លួន​ថៅកែ​ហាង និង​នារី​ម៉ាស្សា​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ស្រុក​បសេដ្ឋ បាន​និយាយ​ឱ្យដឹងថាៈ យោងតាម​បណ្តឹង​របស់​ឈ្មោះ អ៊ុ សុខលី ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឃ្លោក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ បាន​ប្រាប់ថា នៅ​យប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ២ រំលងអធ្រាត្រ គាត់​បាន​ចូល​កន្លែង​ម៉ាស្សា កោស​ជប់​មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បី​ម៉ាស្សា​។ គ្រានោះ មាន​នារី​ម៉ាស្សា​ម្នាក់ ឈ្មោះ កន ដាលីន អាយុ ២១ ឆ្នាំ បានមក​ម៉ាស្សា​ឱ្យ​គាត់​។ ពេល​ម៉ាស្សា​រួច គាត់​ក៏បាន​យក​កាបូប មក​ដក​លុយ​ឱ្យ​ថ្លៃ​ម៉ាស្សា ស្រាប់​បាត់​លុយ ពី​ក្នុងនោះ អស់ ១.៤០០ ដុល្លារ ដល់​សួរ​ទៅ នារី​ម៉ាស្សា​ថា បាន​ដកយក​លុយ​ខ្លួន​ឬ​អត់​? ពេលនោះ នារី​ម៉ាស្សា​នោះ ប្រកែក​ថា អត់​ដឹង និង​មិនបាន​យក​ទេ​។​

​នគរបាល​ស្រុក បាន​បន្តទៀតថាៈ ក្រោយ​ទទួល​បណ្តឹង​ពី​បុរស​ជា​ជនរងគ្រោះ​រួច កម្លាំង​ជំនាញ ក៏បាន​ឃាត់ខ្លួន​នារី ជា​ម្ចាស់​ហាង​ឈ្មោះ ស្រឿង ម៉េ​ន អាយុ ៣៥ ឆ្នាំ និង​នារី​ម៉ាស្សា ឈ្មោះ កន ដាលីន អាយុ ២១ ឆ្នាំ មក​សួរនាំ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច នារី​ទាំង ២ នាក់ បាន​សារភាពថាៈ ខ្លួន​ពិតជា​បានរួម​គំនិត​គ្នា លួច​យកលុយ ១.៤០០ ដុល្លារ ពី​កាបូប​របស់​ភ្ញៀវ ពិតប្រាកដ​មែន​។​

​ក្រោយពី​នារី ជា​ម្ចាស់​ហាង និង​នារី​ម៉ាស្សា បាន​សារភាព​នោះ កម្លាំង​ជំនាញ បាន​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស តាមច្បាប់​។ រីឯ​លុយ ១.៤០០ ដុល្លារ ដែល​នារី​ខាងលើ​លួច សមត្ថកិច្ច បាន​រឹបអូស​យកមក​វិញ ហើយ​ក៏បាន​ប្រគល់ឱ្យ ម្ចាស់​វិញ​ហើយ​៕/V​