ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ឧសភាថា កំពូលក្រុមចម្រៀង K-pop គឺ BTSនឹងធ្វើដំណើរទៅកាន់សេតវិមាននៅសប្តាហ៍ក្រោយដើម្បីដោះស្រាយបទល្មើសសម្អប់លើជនជាតិអាស៊ីនិងប្រជាជនដែលមានដើមកំណើតអាស៊ីជាមួយប្រធានាធិបតីអាម៉េរិកចូ បៃដិន។
សេតវិមាននិយាយថា លោកបៃដិននឹងស្វាគមន៍ក្រុមតន្ត្រីល្បីជាសកលនេះនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយនឹង “ពិភាក្សាអំពីការរួមបញ្ចូលនិងការតំណាងរបស់អាស៊ីនិងដើម្បីដោះស្រាយបទល្មើសសម្អប់និងការរើសអើងប្រឆាំងជនជាតិអាស៊ី ដែលបានក្លាយជាបញ្ហាកាន់តែលេចធ្លោក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ”។
សមាជិកទាំងប្រាំពីរនាក់នៃក្រុមចម្រៀងបុរសកូរ៉េខាងត្បូងនេះត្រូវគេស្គាល់សម្រាប់បទចម្រៀងនិងការរាំដ៏រស់រវើករបស់ពួកគេ ហើយបានបង្កើតមូលដ្ឋានអ្នកគាំទ្រទូទាំងពិភពលោកដ៏ស្មោះត្រង់ដោយបានឈ្នះពានរង្វាន់ IFPI Global Recording Artist of the Year ក្នុងខែកុម្ភៈ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។
ការជួបគ្នានេះកើតឡើងខណៈខែនៃការទទួលស្គាល់ជនជាតិដើមអាស៊ីនិងជនជាតិដើមកោះហាវ៉ៃ/ប៉ាស៊ីហ្វិក (AANHPI) ក្នុងខែឧសភានេះបានឈានដល់ទីបញ្ចប់ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃបទល្មើសស្អប់ខ្ពើមប្រឆាំងនឹងជនជាតិអាម៉េរិកដើមកំណើតអាស៊ីក្នុងឆ្នាំកន្លងទៅ។
ការវាយប្រហារប្រឆាំងនឹងប្រជាជនដែលមានដើមកំណើតអាស៊ីបានកើនឡើង ខណៈអ្នកនយោបាយនិងអ្នកវិភាគមួយចំនួនបានលើកទឹកចិត្តជនជាតិអាម៉េរិកឱ្យស្តីបន្ទោសចិនចំពោះកូវីដ១៩ ចំពេលមានភាពតានតឹងផ្សេងៗទៀត។
ថ្មីៗក្នុងខែនេះ បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ស្ត្រីជនជាតិអាស៊ីបីនាក់នៅក្នុងហាងអ៊ុតសក់ក្នុងទីក្រុងដាល់ឡាស។
អាជ្ញាធរកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះដែលសង្ស័យជាបទល្មើសសម្អប់ជនជាតិអាស៊ី៕
ក្រុម BTS នឹងជួបលោកបៃដិននៅសេតវិមាននៅថ្ងៃអង្គារសប្តាហ៍ក្រោយ