កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងសមភាគីក្នុងតំបន់ទាំង ១២ បានប្រកាសបើកជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ដែលជាភាសាអង់គ្លេសហៅថា Indo-Pacific Economic Framework for Prosperity (IPEF) នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុនដោយមានការចូលរួមផ្ទាល់ និងពីចម្ងាយរបស់ថ្នាក់ដឹកនាំទាំងអស់រួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ គួរបញ្ជាក់ផងដែរថាការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកនេះ គឺមានបំណងស្ដារឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងតំបន់បន្ទាប់ពីការដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាសីហ្វិក (Trans-Pacific Partnership) និងបំបែកចេញនូវទីផ្សាររបស់ចិនក្នុងតំបន់ដោយដឹកនាំពួកគេទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ជំនួសផ្សេងទៀត។ សម្រាប់ក្រុងវ៉ាស៊ីនតោនជឿជាក់ថានេះ គឺជាជំហានមួយដែលជួយដកប្រទេសចិនចេញពីប្រព័ន្ធពាណិជ្ជកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់។ ការណ៍នេះនឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ និងប្រទេសដែលជាសមាជិកត្រូវមានចំហរច្បាស់លាស់ពោលគឺមនោគមន៍វិជ្ជាដែលខ្លួនប្រតិវត្តិដែលមានការផ្ទុយពីការអនុវត្តិពហុភាគីនិយមដែលនាំមកនូវសន្តិភាព និងវិបុលភាពពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើការបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនឹងមានផលប៉ះពាល់អ្វីខ្លះ? តើកម្ពុជាដែលមិនមែនជាសមាជិកនៃក្របខ័ណ្ឌខាងលើនេះត្រូវមានក្ដីបារម្ភ ឬរីករាយបន្ទាប់មិនបានត្រូវរាប់បញ្ចូលជាសមាជិក?

តើក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាពគឺជាអ្វី?

 ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក គឺជាគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ពោលគឺលោកប្រធានាធិបតី ចូ បៃឌិន ផ្ទាល់តែម្ដង ហើយវាត្រូវបានបែងចែកចេញជាសសរស្តម្ភចំនួន ៤ រួមមានធំរួមមាន (១) ការតភ្ជាប់សេដ្ឋកិច្ច ដែលគ្របដណ្តប់លើប្រធានបទពាណិជ្ជកម្មស្មើភាពគ្នា និងមានភាពធន់ រួមទាំងប្រធានបទរងចំនួនប្រាំពីរនៃការងារ បរិស្ថាន និងអាកាសធាតុ សេដ្ឋកិច្ចឌីជីថល កសិកម្ម តម្លាភាព និងការអនុវត្តបទប្បញ្ញត្តិល្អ គោលនយោបាយប្រកួតប្រជែង និងការសម្របសម្រួលពាណិជ្ជកម្ម (២) ភាពធន់នៃសេដ្ឋកិច្ច ដែលគ្របដណ្តប់លើប្រធានបទភាពធន់នៃសង្វាក់ផ្គត់ផ្គង់ជាពិសេស (៣) សេដ្ឋកិច្ចស្អាតស្អំ ដែលគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត និងប្រធានបទការកាត់បន្ថយកាបោនឌីអុកស៊ីត និង (៤) សេដ្ឋកិច្ចស្មើភាពគ្នា ដែលគ្របដណ្តប់លើប្រធានបទពន្ធ និងប្រឆាំងអំពើពុករលួយ។ ជាក់ស្ដែងសមាជិកទាំងអស់មានសិទ្ធជ្រើសរើសផ្ដោតសំខាន់ទៅលើសសរស្ដម្ភសំខាន់ចំនួនមួយ ប៉ុន្តែពួកគេត្រូវប្រាកដចិត្តអាចគាំទ្រ និងអនុវត្តទៅតាមសសរស្ដម្ភទាំងបួននេះបាន។ គេមិនទាន់ដឹងអំពីព័ត៌មានលំអិតរបស់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនេះនៅឡើយទេ ពិសេសនោះថាតើរដ្ឋបាលលោកបៃឌិននឹងគ្រោង ឬបអនុវត្តយ៉ាងណាដើម្បីសម្រេចគោលដៅរបស់ខ្លួន និងសមាជិកនៃក្របខ័ណ្ឌនេះនឹងទទួលបានអ្វីខ្លះពីសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋបាលលោកចូ បៃឌិន បានបញ្ជាក់យ៉ាងច្បាស់ថាក្របខ័ណ្ឌមួយនេះនឹងមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រពៃណីដែលពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តចំពោះការកាត់បន្ថយពន្ធគយនោះទេ។

តើក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកមានការកម្រាមកំហែងអ្វីខ្លះដល់អាស៊ីអាគ្នេយ៍ ពិសេសតួនាទីរបស់អាស៊ាន?

អាស៊ានបានទទួលការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីសន្ទុះនៃសេដ្ឋកិច្ចរបស់ប្រទេសដែលជាសមាជិក។ អាស៊ានបានព្យាយាមបន្តអនុវត្តយន្តការរបស់ខ្លួនដើម្បីបន្តសហប្រតិបត្តិការរវាងគ្នានិងគ្នាប្រកបដោយបរិយាប័ន្ន និងកាត់បន្ថយការប៉ឹងផ្អែកទៅលើដៃគូរខាងក្រៅ ប៉ុន្តែការព្យាយាមនេះពិបាកនឹងសម្រេច និងតម្រូវឱ្យមានការព្យាយាមខ្ពស់ និងពេលវេលាដោយសារតែភាពខុសគ្នានៅក្នុងតំបន់រួមទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ស្របពេលជាមួយគ្នានេះដែរ ការបង្កើតឡើងនូវក្របខ័ណ្ឌថ្មីមួយនេះ ប្រាកដណាស់នឹងបន្ថែមសម្ពាធ និងការងារធ្ងន់ដល់សមាជិកអាស៊ានក្នុងការបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីថែរក្សាអ្វីដែលខ្លួនបានព្យាយាមការពារ និងធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពិសេសគឺមជ្ឈភាពអាស៊ាន។ ទោះបីជាសហរដ្ឋអាមេរិកបានអះអាងចំហររបស់ខ្លួនក្នុងការគាំទ្រដល់មជ្ឍភាពអាស៊ានក្ដី ប៉ុន្តែតាមរយៈយន្តការក្របខ័ណ្ឌខាងលើទំនងជាមិនបានផ្ដល់នូវអ្វីដែលសហរដ្ឋអាមេរិកអះអាងនោះឡើយចំពោះមធ្យោបាយ​ដែល​អាស៊ាន​ចង់អោយមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្នក្នុងតំបន់។ លក្ខខណ្ឌដែលមានការទាមទារខ្ពស់បែបនេះនឹងធ្វើឱ្យចុះខ្សោយ និងប៉ះពាល់ដល់មជ្ឍភាពរបស់អាស៊ាននៅក្នុងតំបន់។ ជាក់ស្ដែងបទបញ្ញត្តិដែលបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌខាងលើបានបង្ហាញអំពីការខ្ទាស់គ្នារវាងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងអនុសញ្ញាផ្សេងៗ និងពាណិជ្ជកម្មសេរីនៅក្នុងតំបន់ដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជុ្រងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយអន្តរប៉ាស៊ីហ្វិកជាដើម។ ក្របខ័ណ្ឌដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺមានស្តង់ដារខ្ពស់ដែលខ្ពស់ជាងច្បាប់ក្នុងស្រុកនៅក្នុងប្រទេសអាស៊ានមួយចំនួន និងសូម្បីតែដោយអនុសញ្ញាអន្តរជាតិ ក្នុងនោះរួមមានវិស័យសេដ្ឋកិច្ចឌីជីថល ការងារ ការត្រួតពិនិត្យទីផ្សារ ការការពារបរិស្ថាន និងការប្រឆាំងអំពើពុករលួយ។ ដូច្នេះហើយសហរដ្ឋអាមេរិកអាចបង្ខំប្រទេសដែលជាសមាជិកឱ្យអនុម័តគោលនយោបាយសេដ្ឋកិច្ចក្នុងស្រុកមួយចំនួន ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ កត្តាដ៏សំខាន់មួយនេះហើយ គឺជាការកម្រាមកំហែងដល់ឯករាជភាព និងការរួបរួមគ្នារបស់សមាជិកអាស៊ានទាំងមូល។

តើជាកម្ពុជាមិនអាចចូលជាសមាជិកនៃក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិកជារឿងដ៏អំណោយផលឬយ៉ាងណា?

ជាការពិតណាស់កាលចូលរួមជាសមាជិកនៃក្របខ័ណ្ឌអន្តរជាតិណាមួយតែងផ្ដល់នូវផលវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែក្នុងនាមជាប្រទេសដែលតែងតែគាំទ្រដល់ពហុភាគីនិយម និងព្យាយាមគាំទ្រដល់យន្តការអាស៊ាន កម្ពុជាទំនងមិនមានការសោកស្ដាយណាមួយដែលខ្លួនមិនបានចូលរួមជាសមាជិកនៃក្របខ័ណ្ឌមួយនេះនោះឡើយ។ កម្ពុជាកំពុងអភិវឌ្ឍខ្លួនក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដូច្នេះហើយកម្ពុជាគប្បីព្យាយាមពង្រឹងស្ថាប័នក្នុងស្រុក និងស្វែងរកពាណិជ្ជកម្មទ្វេភាគីដែលអាចផ្ដល់ផលប្រយោជន៍ច្រើនជាងសម្រាប់កម្ពុជាជាមុនសិន។ ជាងនេះទៅទៀតការចូលរួមក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកជារឿងមិនគប្បីជាមួយនឹងចំហរនៃប្រទេសកម្ពុជាដោយកម្ពុជាជាប្រទេសអព្យាក្រឹត្យ។ ប្រសិនបើចូលជាសមាជិកនៃក្របខ័ណ្ឌនេះចង់មិនចង់កម្ពុជានឹងត្រូវទទួលគំនាបឱ្យប្រកាន់យកមនោគមន៍វិជ្ជារបស់សហរដ្ឋអាមេរិកដែលនឹងប៉ះពាល់ដល់ឯករាជភាព និងសន្តិសុខជាតិនៃប្រទេសកម្ពុជា។ ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងស្វះស្វែងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតជាសកលកូវីដ-១៩ ការបង្កើតឡើងនៃក្របខ័ណ្ឌខាងលើបានបង្ហាញពីភាពអវិជ្ជមានដោយបង្ហាញអំពីការអន់ថយចុះនៃពហុភាគីនិយមដែលជាផលអវិជ្ជមានធ្ងន់ធ្ងរ ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ស្របពេលជាមួយគ្នានេះដែរ ក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក គឺនៅត្រឹមតែជាក្រដាស់ប៉ុណ្ណោះ ឬយើងអាចហៅតាមភាសាសាមញ្ញថាខ្ចងដែលមានតែសំបក។ ដូចដែលបានរៀបរាប់ខាងលើហើយថា គេនៅមិនទាន់ដឹងថាតើសហរដ្ឋអាមេរិកអាចសម្រេចគោលបំណងរបស់ខ្លួនតាមផ្លូវណានោះទេ ហើយអ្វីដែលយើងអាចដឹងច្បាស់នោះ គឺសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតែងតែដើតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អវត្តមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាជាជំហានដំបូងនៃការបែកបាក់ការរួបរួមរបស់អាស៊ានដែលបង្ហាញយ៉ាងច្បាស់ថាការអះអាងគាំទ្រដល់មជ្ឈភាពអាស៊ាន និងគោរពដល់យន្តការអាស៊ាន គឺជាសន្យាខ្យល់ និងមិនត្រឹមត្រូវទាល់តែសោះ។ អត្ថបទ៖ theothertruth.info