ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ម្នាក់ បាន​ប្រើ​ហិង្សា វាយ​ប្រពន្ធ រហូត​បាក់ ដៃស្តាំ ហើយ​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំងយប់​ថ្ងៃទី​២៦ ឧសភា ហើយ​លុះ​ព្រឹក​ឡើង ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ ត្រូវបាន​សមត្ថកិច្ច ចុះទៅ​ឃាត់ខ្លួន បុរស​នោះ នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ យកទៅ​សួរនាំ ដើម្បី​ចាត់ការ​តាមច្បាប់​។

​ស្ត្រី​រងគ្រោះ មានឈ្មោះ វឿន គឹម​ចាន់ណា​រ៉ា អាយុ ៣៧ ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ​។ ចំណែក​ប្តី​របស់​នាង មានឈ្មោះ ចាន់ រតនា អាយុ ៤០ ឆ្នាំ មុខរបរ ជាង​ជួសជុល​បរិក្ខារ អគ្គិសនី មានកូន​ប្រុស ២ នាក់ ក្នុងបន្ទុក​គ្រួសារ រស់នៅ​ផ្ទះ​កន្លែងកើតហេតុ​។​

​តាម​ប្រភពព័ត៌មាន បានឱ្យដឹងថាៈ នៅវេលា​ម៉ោង ១១ យប់ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២ ប្តី​ប្រពន្ធ​ខាងលើ បាន​ឈ្លោះប្រកែក​គ្នា រឿង​ទូរស័ព្ទ រហូត​ឈានដល់​ប្តី ទាញ​កៅអី​ដែកបត់ វាយ​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស បាក់ដៃ​ស្តាំ ហើយរ​ត់ទៅ​នគរបាល​ប៉ុស្តិ៍​ទាំងយប់ តែ​ដោយ​របួសធ្ងន់​ពេក សមត្ថកិច្ច បាន​ឱ្យទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ រីឯ​ប្តី​ជា​ជនដៃដល់ បាន​រត់ឡើង​ទៅសម្ងំ​ដេក លើផ្ទះ​បាត់ លុះដល់​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ សមត្ថកិច្ច រួមជាមួយ​មេភូមិ បាន​ចុះទៅ​ហៅ នាំយកទៅ​ប៉ុស្តិ៍​។​

​ករណី​ហិង្សា​វាយ​ប្រពន្ធ បណ្តាលឱ្យ​រងរបួស​បាក់ដៃ​ស្តាំ​នេះ ក្រោយពី​សមត្ថកិច្ច នាំខ្លួន​ចូល ប៉ុស្តិ៍​សាកសួរ និង​កសាង​សំណុំរឿង​រួចមក ក៏បាន​បញ្ជូនបន្ត ទៅ​ផ្នែក​ជំនាញ​ខណ្ឌ ដោយ​យោងតាម​បណ្តឹង ពី​ភាគី​ខាង​ប្រពន្ធ ៕/V​-PC