ដោយៈ សុផានីតា / កោះកុងៈ មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកោះកុង សហការជាមួយ រដ្ឋបាលស្រុកមណ្ឌលសីមា បានចុះដោះស្រាយ កែសម្រួលរំដោះទឹក ដែលដក់ជន់លិច លើកំណាត់ផ្លូវជាតិលេខ៤៨ ចំនួន ៣ កន្លែងរួចរាល់ហើយ។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង បានឱ្យដឹងនៅ រសៀល ថ្ងៃទី២៧ ខែឧសភាថាៈ ក្រុមមន្ត្រីជំនាញរបស់លោក បានដាក់គ្រឿងចក្រ ឈូសឆាយ កែសម្រួល រំដោះទឹកជន់លើផ្លូវជាតិលេខ៤៨ ត្រងចំណុចមុខតំបន់សេដ្ឋកិច្ច ពិសេសខេត្ត មុខវត្តនាងកុង និងមុខប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ រួចរាល់ហើយ កាលពីថ្ងៃទី២៦ ខែឧសភា ដើម្បីបញ្ចៀស ការបន្តជន់លិច ដោយសារតែបរិមាណទឹក រដូវវស្សា។
បើតាមលោក អន ដាវុធ ព្រោះស្ថានភាពចំណីថ្នល់ គ្មានប្រព័ន្ធប្រឡាយ រំដោះទឹក ក្រុមការងារ ជំនាញ សម្រេចចិត្តកាយផ្តាច់ឃឿនសួនច្បារកណ្តាល ក្នុងគោលបំណងបង្ហូរទឹក ទៅទីតាំង ដែលមានជម្រៅទាបជាងថ្នល់ និងកន្លែង ខ្លះទៀត ស្នើសុំម្ចាស់ដី ជីកជាប្រឡាយបង្ហូរទឹក ទៅតាមប្រឡាយធម្មជាតិ ជាបណ្តោះអាសន្នសិន។
មន្ត្រីជំនាញ បានអះអាងដែរថាៈ កាលដែលនាំឱ្យមានការដក់ទឹកលិច នៅចំណុចទាំង ៣ ខាងលើនេះ ព្រោះតែពលរដ្ឋម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្ម មួយចំនួន បានចាក់អាចម៍ដី ខ្ពស់ជាងចំណីផ្លូវ ទើបបណ្តាលឱ្យមានការជន់លិច យ៉ាងដូច្នេះ។
ទឹកជន់ដក់លើផ្លូវជាតិ លេខ៤៨ ចំនួន ៣ ក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមានេះ កន្លងទៅ ត្រូវបានប្រជាពលរដ្ឋ រស់នៅតាមសងខាងផ្លូវ លើកឡើងថាៈ វាបានបង្កការរំខាន ដល់ការធ្វើ ដំណើរទៅមក បាត់បង់សោភ័ណភាពបរិស្ថាន និងគុណភាពថ្នល់ ជាដើម។
ប្រជាពលរដ្ឋ បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះទេ ពួកគាត់តែងសង្កេតឃើញ បញ្ហាគ្រោះថ្នាក់ រអិលដួល តែងកើតជាញឹកញាប់ផងដែរ ដោយសំណូមរពរ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ចុះដោះស្រាយជាបន្ទាន់ គ្រាមានរថយន្តធំតូចធ្វើដំណើរដឹកទំនិញ និងមានអ្នកទេសចរ ឆ្លងកាត់រៀងរាល់ថ្ងៃ។
ក្រោយពីបណ្តាញសារព័ត៌មានជាច្រើន ផ្សព្វផ្សាយករណីទឹកដក់ផ្លូវ ខាងលើនេះ កាលពីថ្ងៃទី២៣ ខែឧសភា គេឃើញលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បើកកិច្ចពិភាក្សា កំណត់ដីសាធារណៈរបស់រដ្ឋ ដីរក្សាទុកសម្រាប់ផ្លូវសាធារណៈ នៅក្នុងផែនទីចុះជាប្រព័ន្ធដី ភូមិ១ ភូមិ២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា៕/V-PC