ដោយៈសុផល/ភ្នំពេញ៖ បួនខែដើមឆ្នាំ២០២២នេះ ការនាំចូលរថយន្តអគ្គិសនីមានយានយន្តអគ្គិសនីចុះបញ្ជី នៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណជាង៦០០ភាគរយ។នេះបើតាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
ក្នុងឆ្នាំ២០២២នេះ បានដំឡើងទីតាំងសាកយានយន្តអគ្គិសនីចំនួន៥ក្នុងនោះ ក្រសួងបានសហការជាមួយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬហៅកាត់ថា យូអិនឌីភី(UNDP)និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរ ការទីតាំងសាកយានយន្តអគ្គិសនី មួយចំនួនក្នុងនោះរួមមាន៖ បួនទីតាំងត្រូវបានគាំទ្រដោយយូអិនឌីភី និងមួយត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា។
ក្រសួងក៏កំពុងសហការជាមួយអង្គកាយូអិនឌីភីផងដែរក្នុងការសិក្សានិងចងក្រងផែនទីចង្អុលផ្លូវស្តីពីហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនីដែលនឹងកំណត់អំពីទីតាំងជាក់លាក់លក្ខខណ្ឌនៃការរៀបចំស្ថានីយបញ្ចូលថាមពលដើម្បីស្វែងរកដៃគួវិនិយោគនិងពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា លទ្ធផលខាងលើនេះត្រូវបានបង្ហាញដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធាន បទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង។
កម្មវិធីMPWT Live Showនេះ បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំ ទូលាយ និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានារបស់សាធារណជនពាក់ព័ន្ធនឹងវិស័យសាធារណការនិងដឹកជញ្ជូនផងដែរ៕សរន-PC