ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានធ្វើការបកស្រាយពាក់ព័ន្ធនឹងសំណួរក្នុងសន្និ សីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី»តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ របស់អ្នកសម្របសម្រួលកម្ មវិធីដែលបានសួរ អំពីការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជា ។ សម្តេចបានបញ្ជាក់ថាការបន្តវេនឬមិនបន្ត វេនវាចំណុះលើប្រជាជន បោះឆ្នោតឱ្យឬអត់? បើសិនជាប្រជាជនបោះឆ្នោតឱ្យគឺបញ្ហានេះវាមិនមែនជាការផ្ទេរតំណែងដោយចិត្តឯងនោះទេគឺប្រជាជនជាអ្នកគាំទ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា៖ ការបន្តវេនឬមិនបន្តវេនវាចំណុះលើប្រជាជនបោះឆ្នោតឱ្យឬអត់? បើសិនជាប្រជាជនបោះឆ្នោតឱ្យគឺបញ្ហានេះវាមិន មែនជាការផ្ទេរតំណែងដោយចិត្តឯងនោះទេគឺប្រជាជនជាអ្នកគាំទ្រ ។អ៊ីចឹងនៅពេលបោះឆ្នោតខាងមុខបើប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជនដែលមាន ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេនគឺបានសេចក្តីថាប្រជាជនយល់ស្របឱ្យគណបក្សប្រជាជនដឹកនាំហើយដឹកនាំដោយ ហ៊ុន សែន បន្តទៅដឹកនាំដោយ ហ៊ុន ម៉ាណែត ។នេះជារឿងធម្មតាប៉ុន្តែបើគណបក្សប្រជាជនចាញ់វាបាត់ទាំង ហ៊ុន សែន ហើយវាបាត់ទាំង ហ៊ុន ម៉ាណែត តែម្តង ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចជ្រើសតាំងរួចហើយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនប៉ុន្តែពេលវេលានឹងឡើងទៅជំនួសសម្តេចនាពេលណាគឺទុកមួយអន្លើសិនហើយការបោះឆ្នោតអាណត្តិទី៧គឺសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងផងដែរទៅកាន់ក្រុមអ្នករិះគន់សម្តេចជុំវិញការតែងតាំងកូនប្រុសឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននេះ ថា៖«បើយើងខ្ញុំមិនធ្វើការបោះឆ្នោតហើយផ្ទេរអំណាចឱ្យកូនទើបជារឿងដែលគេនិយាយត្រឹមត្រូវខ្ញុំទទួលយក ។ប៉ុន្តែនៅពេលមានការបោះឆ្នោតបែបនេះខ្ញុំមិនអាច ទទួលយកនូវការតិះទៀនណាមួយនោះទេ»។
សម្តេចតេជោបន្តថា រឿងតែងតាំងកូននេះ តើពួកគេចង់ឱ្យកូនខ្លួនឯងរកស៊ីមានបាន និង មានការងារល្អធ្វើទេ? សម្រាប់សម្តេចក៏ដូចជាមនុស្សទាំងនោះដែរ បើពួកគេចង់ឱ្យកូនចៅខ្លួនមានការងារធ្វើល្អហេតុអ្វីសម្តេចគ្មានសិទ្ធិ? អ្នកដទៃទៀតឆ្លើយមកនិយាយមក។ខ្លួនឯងកំពុងតស៊ូដើម្បីអ្វី?ដើម្បីអំណាចហើយខ្លួន ឯងក៏ចង់ឱ្យកូនខ្លួនឯងទៅធ្វើអ្នកធំដែរចុះហេតុអ្វីត្រូវដកសិទ្ធិខ្ញុំ មកតិះទៀនខ្ញុំ ?។
សម្តេចតេជោបានអះអាងថា៖«សម្តេចប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនមកគឺចង់ឱ្យមានជោគវាសនាល្អហើយការដែលសម្តេចតែងតាំងឱ្យលោកហ៊ុនម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្តវេនក៏ព្រោះតែលោក ហ៊ុន ម៉ាណែត មានចំណេះដឹងនិងលទ្ធភាពគ្រប់គ្រាន់។បើកូនខ្ញុំគ្មានចំណេះដឹងគ្រប់គ្រាន់គ្មានលទ្ធភាពគ្រប់ គ្រាន់ ខ្ញុំក៏មិនបណ្តោយឱ្យសមិទ្ធផលដែលឪពុករបស់វា រួមចំណែកជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាកសាងជាង ៤៣ ឆ្នាំឱ្យរបូតពីដៃនោះទេ។ប៉ុន្តែខ្ញុំបានបណ្តុះបណ្តាលកូនរបស់ខ្ញុំ។កូនរបស់ខ្ញុំ៣នាក់អាចមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីទាំង៣នាក់ក៏ប៉ុន្តែពួកគេមិនដណ្តើ មគ្នាធ្វើនាយករដ្ឋមន្ត្រីទេ» ៕