ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ផ្សព្វផ្សាយ ការងារ កាត់​ឆ្វៀល​ដី​តំបន់​២ មក​តំបន់​១ ចំនួន ៣.៦០៩ ក្បាលដី ស្មើនឹង ១.៨១៤ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋ នៅ​ឃុំ​ត្នោតជុំ និង​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ មាន​ចំនួន ២៥៧ ក្បាលដី ស្មើនឹង ៦៣៦ គ្រួសារ និង​ឃុំ​តាំងក្រសាំង ឃុំ​ជ្រាប់ និង​ឃុំ​កកោះ ស្រុក​សន្ទុក មាន​ចំនួន ៣.៣៥២ ក្បាលដី ស្មើនឹង ១.១៧៨ គ្រួសារ ។

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​នេះ លោក ងួន រតនៈ បានបញ្ជាក់​ថាៈ ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត ដែលមាន​ព្រំប្រទល់​ជាប់ នឹង​បឹង​ទន្លេសាប ត្រូវ​កំណត់​ជាថ្មី ព្រំប្រទល់​តំបន់​៣ និង​តំបន់​២ បឹង​ទន្លេសាប ដោយ​ផ្អែកលើ​ភាពចាំបាច់ និង​ជាក់ស្តែង ព្រោះ បឹង​ទន្លេសាប មាន​វិសាលភាព ធំ​ទូលាយ គ្របដណ្តប់​លើ​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយ មានជ័យ​, សៀមរាប និង​កំពង់ធំ ដែលមាន​ការលំបាក ក្នុង​គ្រប់គ្រង ទាមទារ ឱ្យមាន​កិច្ចសហការ​ខ្ពស់ ដើម្បី​រក្សា​ផ្ទៃដី​ព្រៃ​លិច​ទឹក បឹង​ទន្លេសាប ធានា​និរន្តរ ភាព ជីវចម្រុះ​។​

​ជាមួយគ្នា​នោះដែរ លោក ងួន រតនៈ បានលើកឡើង អំពី​ការកំណត់​ព្រំប្រទល់ រវាង​ដី​រដ្ឋ និង​ដីឯកជន នៅក្នុង​តំបន់​បឹង​ទន្លេសាប ជូន​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​យល់ អំពី​បញ្ហា​ទាក់ទង ទៅនឹង​ព្រំប្រទល់​រវាង​ដី​តំបន់​៣ និង​តំបន់​២ ហើយ​ដី​តំបន់​២ ដែលជា​តំបន់​គ្រាន់តែ​អាច​រស់នៅ និង​អាស្រ័យ​ផល​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​ឲ្យ​មាន​សិទ្ធិ​ចាត់ចែង និង​លក់ដូរ​បានទេ​។

​ដោយ​ទទួលបាន​ព័ត៌មាន ពី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ពាក់ព័ន្ធ​ទៅនឹង​ទុក្ខ​កង្វល់ សុវត្ថិភាព នៃ​ការរស់នៅ និង​អាស្រ័យ​ផល​របស់ ប្រជាពលរដ្ឋ នៅក្នុង​ដី​តំបន់​២ រដ្ឋបាលខេត្ត​កំពង់ធំ បាន​ពាំ​នាំនូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ស្នើសុំ​ទៅ សម្ដេច​តេ​ជោ តាមរយៈ​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្តកំពង់ធំ ក្នុងការ​កាត់ ឆ្វៀល​ដី ពី​តំបន់​២ មក​តំបន់​១ ចំនួន ៩.១១៤ គ្រួសារ នៅលើ​ក្រុង ស្រុក ចំនួន ៥ ក្នុងចំណោម ៩ ក្រុង ស្រុក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​។

​អភិបាលខេត្ត បាន​បន្ថែមទៀតថាៈ បន្ទាប់ពី​ទទួលបាន​លិខិត​លេខ ២២៤ សជណ​.​ដប ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​សិទ្ធិ​បន្ថែម ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​កំពុង​រស់នៅ និង​អាស្រ័យ​ផល ជាក់ស្តែង នៅក្នុង​ដី​តំបន់​២ កាត់​ឆ្វៀល មក​តំបន់​១ អាជ្ញាធរខេត្ត បាន​ចាត់តាំង​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ឲ្យ​អស់​លទ្ធភាព ក្នុងការ​កាត់​ឆ្វៀល​ដី ជូន​ប្រជា ពលរដ្ឋ ពី​តំបន់​២ មក​តំបន់​១ ដើម្បី​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី ដោយ​ស្របច្បាប់ ។

​ទន្ទឹមនឹង​នោះដែរ លោក​អភិបាល​ខេត្តកំពង់ធំ បានលើកឡើង អំពី​សមិទ្ធផល ធំៗ​ជាច្រើន និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​សុខទុក្ខ និង​សុខមាលភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយបាន​ផ្ដល់​ជា​កញ្ចប់​ថវិកា ប្រចាំខែ ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព ក្រ​១ ក្រ​២ ការខិតខំ​ស្វែងរក​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ ចាប់ពី​កុមារ អាយុ ៣ ឆ្នាំ រហូតដល់​មនុស្ស​ចាស់ និង​គម្រោង​ចែក​ដី​សម្បទាន​សង្គមកិច្ច ជូន​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ខ្វះ ខាត​ដី ជាពិសេស សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល គ្រប់​អាយុ មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះ ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន ដែល​អ្នក​ពេញចិត្ត អាច​រក្សាបាន​នូវ សុខសន្តិភាព ធ្វើឱ្យ​ភូមិ ឃុំ មានការ​រីកចម្រើន​។​

​ចុងក្រោយ ប្រជាពលរដ្ឋ បាន​អបអរសាទរ សប្បាយរីករាយ ព្រមទាំង​ថ្លែង​អំណរ គុណ ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្ដល់​កាដូ​យ៉ាង​ធំ ក្នុង​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ ដីធ្លី​នេះ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​សិទ្ធិ ពេញលេញ ក្នុងការ​រស់នៅ និង​អាស្រ័យ ផល ជាពិសេស​អាច​ផ្ដល់​អំណោយ​ឲ្យ​កូន ឬ​អាច​លក់ដូរ​បាន​៕/V​-PC