ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បាននិយាយថា ចាប់ពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ចាប់ពីថ្ងៃទី២១-២៦ខែឧសភានេះ មានពាក្យបណ្ដឹងចំនួន ៣៣ ហើយត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី។ការបញ្ជាក់នេះក្នុងពិធីប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២។
លោក ហង្ស ពុទ្ធាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកចូលរួមថា ពាក្យបណ្តឹងភាគច្រើន គឺជាពាក្យបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀនថា បានប្រើពាក្យប្រមាថមាក់ងាយទៅលើបេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយគោលការណ៍ទូទៅសម្រាប់ការឃោសនាបោះឆ្នោតដែលកំណត់ក្នុងច្បាប់ និងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ រាល់ដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប តែងតែទទួលបានពាក្យបណ្តឹង ហើយទោះបីពាក្យបណ្តឹងមានតិច ឬច្រើន ក៏បណ្តឹងនោះវាមិនធ្វើឱ្យរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោតទេ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះការឃោសនា បោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា។ថ្ងៃទី ៥ ខែមិថុនា
ជាថ្ងៃបោះឆ្នោត៕សរន