ដោយៈយោធិន/ភ្នំពេញ៖ប្រមុខកងយោធាមួកខៀវកម្ពុជាបានទទួលការជួបសម្តែងការគួរសមពីសំណាក់ក្រុមយោធាចារ្យនៃកងស្វ័យការពារជប៉ុនដឹកនាំដោយលោកវរសេនីយ៍ សាគូរ៉ៃ ម៉ាសាតូម៉ូ(SAKURAI MASATOMO ) នាយទាហានជាន់ខ្ពស់នៃកងពលធំ ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក(Indo -Pacific Reginal Policy Devision)នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ក្នុងកិច្ចសន្ទនានាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានស្វាគមន៍យាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូកងស្វ័យការពារជប៉ុនដែលចម្រុះដោយក្រុមយោធាចារ្យសរុបចំនួនប្រាំមួយរូបដែលបានរួមចំណែកក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេសវិស្វកម្មឲ្យដល់កងយោធាមួកខៀវកម្ពុជាសម្រាប់បង្កើនកម្រិតសមត្ថភាពក្នុងបេសកកម្មអង្គការសហប្រជាជាតិ។

លោកវរសេនីយ៍ SAKURAI MASATOMO បានលើកឡើងពីគោលបំណងរបស់ជប៉ុនក្នុងការបន្តជួយ បណ្តុះបណ្តាលនូវជំនាញបច្ចេកទេសផ្សេងៗទៀតឲ្យដល់កងយោធាមួកខៀវកម្ពុជាខណៈដែលការបណ្តុះបណ្តាលជំនាញវិស្វកម្មនិងការវាស់ស្ទង់ត្រូវបានបញ្ចប់នៅឆ្នាំនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់នូវរាល់កិច្ចសហប្រតិបត្តិការល្អប្រសើររវាងកងស្វ័យ ការពារជប៉ុនជាមួយកងយោធាមួកខៀវក្នុងការបណ្តុះបណ្តាលជំនាញវិស្វកម្មឲ្យដល់កងយោធាមួកខៀវកម្ពុជាក្នុងការចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ប្រមុខកងយោធាមួកខៀវកម្ពុជាបានទទួលចូលសំដែងការគួរសមពីសំណាក់ក្រុមយោធាចារ្យនៃកងស្វ័យការពារជប៉ុនដឹកនាំដោយលោកវរសេនីយ៍ សាគូរ៉ៃ ម៉ាសាតូម៉ូ(SAKURAI MASATOMO ) នាយទាហានជាន់ខ្ពស់នៃកងពលធំ ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក(Indo -Pacific Reginal Policy Devision)នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(រូបថត យោធិន)

ប្រមុខកងយោធាមួកខៀវកម្ពុជានាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាមបានបញ្ជាក់ថាចាប់តាំងពីអំឡុងឆ្នាំ២០១៣រហូតមកទល់បច្ចុប្បន្ននេះជប៉ុនបានជួយបណ្តុះបណ្តាលជំនាញវិស្វកម្មឲ្យដល់កងយោធាមួកខៀវកម្ពុជាសរុបចំនួន១១៩នាក់និងទទួលយកសិក្ខាមកងទ័ពមួកខៀវកម្ពុជាចំនួន៧រូបហ្វឹកហ្វឺនជំនាញវិស្វកម្មផ្នែកវាស់ស្ទង់នៅប្រទេសជប៉ុនផងដែរ។ជាមួយគ្នានេះដែរជប៉ុនក៏បានហ្វឹកហ្វឺនជំនាញវាស់ស្ទង់តាមប្រព័ន្ធអនឡាញឲ្យដល់សិក្ខាកាមមួកខៀវកម្ពុជាក្នុងពេលដែលជំងឺកូវីដ ១៩ រាតត្បាតនាពេកន្លងទៅ។

ជាមួយនឹងប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមយោធាចារ្យកងស្វ័យការពារជប៉ុន នាយឧត្តមសេនីយ៍សែម សុវណ្ណនី បានបង្ហាញពីក្តីសង្ឃឹមថានាពេលខាងមុខនេះកងយោធាមួកខៀវកម្ពុជានិងកងស្វ័យការពារ ជប៉ុននឹង មានកិច្ចសហប្រតិបត្តិការដោយបង្កើតនូវអនុស្សរណៈយោគយល់គ្នា (MoU)។

សូមបញ្ជាក់ថានៅឆ្នាំ២០២៤ខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពត្រីភាគីជ្រោមជ្រែងដោយជប៉ុន( ជប៉ុន- អង្គការសហប្រជាជាតិ-កម្ពុជា) តាមការផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ិនហ៊្សូអាបេ។ នេះបើតាមការលើកឡើងពីប្រមុខកងយោធាមួកខៀវកម្ពុជា។
គួរបញ្ជាក់ថា ជំនួបជាមួយប្រតិភូយោធាចារ្យជប៉ុននេះ បានកើតឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២៕
សរន

ប្រមុខកងយោធាមួកខៀវកម្ពុជាបានទទួលចូលសំដែងការគួរសមពីសំណាក់ក្រុមយោធាចារ្យនៃកងស្វ័យការពារជប៉ុនដឹកនាំដោយលោកវរសេនីយ៍ សាគូរ៉ៃ ម៉ាសាតូម៉ូ(SAKURAI MASATOMO ) នាយទាហានជាន់ខ្ពស់នៃកងពលធំ ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក(Indo -Pacific Reginal Policy Devision)នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(រូបថត យោធិន)