ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញ ៖ នៅទីបំផុតតុលាការបានសម្រេចឃុំខ្លួនស្ត្រីថៅកែកាហ្វេដូងនៅផ្សារដេប៉ូដែលបានប្រើអំពើហិង្សាលើក្មេងស្រីដែលជាកូនចិញ្ចឹមដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។ ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២។
ស្ត្រីជាប់សង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ មានមុខរបរលក់កាហ្វេដូងពេលបញ្ជូនទៅតុលាការ(រូបថតសហការី)
ស្ត្រីសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ មានមុខរបរលក់កាហ្វេដូង ត្រូវបានឃាត់ខ្លួននៅមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក កាលពីយប់នៅថ្ងៃទី២៣ ខែឧសភាកន្លងទៅ។ ការឃាត់ខ្លួននេះ គឺដោយកាលពីថ្ងៃទី២០ ខែឧសភាស្ត្រីរូបនេះបានប្រើដៃវាយលើផ្ទៃមុខនិងយកដែកទំពក់សម្រាប់ព្យួរខោអាវវាយទៅលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់រស្មីកម្ពុជាថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបញ្ជូនខ្លួនស្ត្រីជាម្តាយចិញ្ចឹមដែលបានប្រើប្រាស់អំពើហិង្សាមកលើកូនស្រីនៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញទៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៦ ខែឧសភាដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែឧសភាវេលាម៉ោងប្រហែល ២៣:៣០យប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រី ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែឧសភា។
ជនសង្ស័យដែលត្រូវជាម្តាយចិញ្ចឹម ឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកស្ត្រីឈ្មោះ កេង សុភា អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ដាយង្កើតក្មេងស្រីរងគ្រោះ។
ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់៕សរន