ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រទី២៧ឧសភាថាកងកម្លាំងរបស់ខ្លួនប្រហែលជាត្រូវដកថយពីការតស៊ូមួយក្តាប់តូចចុងក្រោយនៅតំបន់លូហានស៍ដើម្បីចៀសវាងការត្រូវចាប់ខ្លួនដោយទាហានរុស្ស៊ីដែលបន្តរុលទៅមុខនៅភាគខាងកើត។
ការដកថយនេះអាចនាំឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខិតទៅជិតគោលដៅរបស់គាត់ក្នុងការដណ្តើមយកតំបន់លូហានស៍និងដូណិតស៍របស់អ៊ុយក្រែនពេញលេញ។កងទ័ពរបស់ពូទីនចាប់ផ្តើមមានប្រៀបឈ្នះនៅក្នុងតំបន់ទាំងពីរ ដែលមានឈ្មោះរួមគ្នាថា ដុនបាស ខណៈបំផ្ទុះទីប្រជុំជនមួយចំនួនរាបដល់ដី។
អភិបាលតំបន់លូហានស៍លោក សឺស៊ី ហ្គាដាយ (Serhiy Gaidai)បាននិយាយថា ទាហានរុស្ស៊ីបានចូលទៅក្នុងទីក្រុងស៊ីវីរ៉ូដូណិតស៍ (Sievierodonetsk)ដែលជាទីក្រុងធំបំផុតនៃតំបន់ដុនបាសដែលនៅកំពុងកាន់កាប់ដោយអ៊ុយក្រែននៅឡើយ បន្ទាប់ពីព្យាយាមដាក់អន្ទាក់កងកម្លាំងអ៊ុយក្រែននៅទីនោះជាច្រើនថ្ងៃ។ លោកហ្គាយដាយនិយាយថាអគារ៩០ភាគរយនៅក្នុងទីក្រុងត្រូវបានបំផ្លាញ។
ដោយសំដៅទៅលើទីក្រុងស៊ីវីរ៉ូដូណិតស៍និងទីក្រុងភ្លោះរបស់ខ្លួនឈ្មោះថា លីស៊ីចាន់ស៍ (Lysychansk)នៅត្រើយម្ខាងនៃទន្លេស៊ីវើស្គីដូណិតស៍ (Siverskiy Donets)លោកហ្គាយដាយបាននិយាយនៅលើ Telegramថា “រុស្ស៊ីនឹងមិនអាចដណ្តើមបានតំបន់លូហានស៍ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដូចដែលអ្នកវិភាគបានព្យាករណ៍នោះទេ”។
“យើងនឹងមានកម្លាំងនិងធនធានគ្រប់គ្រាន់ដើម្បីការពារខ្លួន។ ទោះយ៉ាងណា វាអាចទៅរួចដែលថាដើម្បីកុំឱ្យគេឡោមព័ទ្ធជិត យើងត្រូវតែដកថយ”។
ក្រុមប្រុកស៊ីផ្តាច់ខ្លួនរបស់ទីក្រុងមូស្គូបាននិយាយថា ឥឡូវនេះពួកគេបានគ្រប់គ្រងទីក្រុងលីម៉ាន់ (Lyman)ដែលជាមជ្ឈមណ្ឌលផ្លូវដែកនៅភាគខាងលិចនៃទីក្រុងស៊ីវីរ៉ូដូណិតស៍។ អ៊ុយក្រែននិយាយថា រុស្ស៊ីបានដណ្តើមកាន់កាប់ផ្នែកភាគច្រើននៃទីក្រុងលីម៉ាន់ ប៉ុន្តែកងកម្លាំងរបស់ខ្លួនកំពុងរារាំងការរុលទៅមុខឆ្ពោះទៅកាន់ទីក្រុងស្លូវីយ៉ានស៍ (Sloviansk)ដែលធ្វើដំណើរកន្លះម៉ោងនៅចុងភាគនិរតី។
ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថា អ៊ុយក្រែនកំពុងការពារទឹកដីរបស់ខ្លួន “ឱ្យបានច្រើនតាមដែលធនធានការពារបច្ចុប្បន្នរបស់យើងអនុញ្ញាត” ។ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានទប់ទល់នឹងការវាយប្រហារចំនួនប្រាំបីនៅដូណិតស៍និងលូហានស៍កាលពីថ្ងៃសុក្រ ដោយបំផ្លាញរថក្រោះនិងរថពាសដែកជាច្រើនគ្រឿង។
លោកហ្សេលេនស្គីនិយាយនៅក្នុងសុន្ទរកថាមួយថា “ប្រសិនបើពួកឈ្លានពានគិតថាទីក្រុងលីម៉ាន់និងទីក្រុងស៊ីវីរ៉ូដូណិតស៍នឹងក្លាយជារបស់ពួកគេ ពួកគេយល់ខុសហើយ។ ដុនបាសនឹងក្លាយជារបស់អ៊ុយក្រែន”៕
ទាហានអ៊ុយក្រែននៅតំបន់ដុនបាសប្រឈមឡោមព័ទ្ធទាន់ពីរុស្ស៊ី