ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា ដំណើរការនៃ ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅ ដោយរលូន មានការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការ ពីភាគីពាក់ព័ន្ធនានា បានល្អប្រសើរ ដែលរក្សាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងឃុំ សង្កាត់។
ការវាយតម្លៃអំពីសភាពការណ៍ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើឡើង នៅកក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពីសភាពការណ៍ទូទៅ ជុំវិញដំណើរការនៃ ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថាៈ ដំណើរការនៃ ការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅ ដោយរលូន មានការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការ ពីភាគីពាក់ព័ន្ធនានា បានល្អប្រសើរ ដែលរក្សាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងឃុំ សង្កាត់។
អ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍បន្តទៀតថាៈ ជាទូទៅ គណបក្សនយោបាយចំនួន ១៧ បានជូនដំណឹង អំពីការធ្វើសកម្មភាពឃោសនា របស់គណបក្សខ្លួន នៅតាមឃុំ សង្កាត់ ដែលគណបក្សទាំងនោះ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ រយៈពេលឃោសនា បោះឆ្នោត ៦ថ្ងៃកន្លងមកនេះ ក្រៅពីសកម្មភាពហែក្បួនឃោសនា គណបក្សនយោបាយ បានរៀបចំជាក្បួនតូចៗ ធ្វើដំណើរក្នុងឃុំ សង្កាត់ ដើម្បីជួបជាមួយអ្នកគាំទ្ររបស់ខ្លួន និងមានសកម្មភាព ជួបប្រជុំ នៅលើទីតាំងក្នុងឃុំ សង្កាត់ ការចាក់មេក្រូនៅទីស្នាក់ការ របស់គណបក្ស និងមេក្រូចល័តក្នុងឃុំ សង្កាត់ ការចុះទៅជួបប្រជាពលរដ្ឋ តាមផ្ទះ តាមទីសាធារណៈ ការចែកខិត្តប័ណ្ណ ការបិទផ្សាយនូវរូបភាព និងបដាស្តីពីគោលនយោបាយ និងសារនយោបាយ របស់គណបក្ស។
លោក ហង្ស ពុទ្ធា បានបន្តទៀតថាៈ គណបក្សនយោបាយទាំង ១៧ ក៏មានឱកាសស្មើគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំឡើងដោយ គ.ជ.ប ដើម្បីឱ្យគណបក្សនយោបាយ ផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោត មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយ ចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕/V