ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ កាលពីថ្ងៃសុក្រទី២៧ឧសភាបានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីដឹកនាំដោយសហរដ្ឋអាម៉េរិក ដោយនិយាយថា វាមានគោលបំណងដាក់ចិនឱ្យនៅឯកោ ហើយនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ដោយគ្មានទីក្រុងប៉េកាំងនោះទេ។
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានដាក់ចេញក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលមានការចូលរួមពីប្រទេសចំនួន ១៣ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីដើមសប្តាហ៍នេះ។ លោកបាននិយាយថា វានឹងជួយឱ្យសហរដ្ឋអាម៉េរិកធ្វើការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ីក្នុងវិស័យនានា រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មឌីជីថល ថាមពលស្អាតនិងការប្រឆាំងអំពើពុករលួយ។
លោកមហាធៀបាននិយាយនៅក្នុងសន្និសីទអន្តរជាតិមួយនៅទីក្រុងតូក្យូថា “សហរដ្ឋអាម៉េរិកតែងតែចង់ប្រើក្រុមប្រទេសបែបនេះដើម្បីដាក់ចិនឱ្យនៅឯកោ។ ប្រទេសជាច្រើនទទួលស្គាល់ថានេះមិនមែនជាក្រុមសេដ្ឋកិច្ចទេ ប៉ុន្តែវាពិតណាស់ជាក្រុមនយោបាយ”។
ប្រទេសហត្ថលេខីរួមមាន អូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋអាម៉េរិក និងវៀតណាម។ ពួកគេរួមគ្នាតំណាងឱ្យ ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
លោកមហាធៀបាននិយាយអំពីប្រទេសដែលស្ថិតក្នុងក្រុមនេះថា “នេះមិនល្អទេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។ យើងមិនចង់ឃើញភាពតានតឹង ជម្លោះណាមួយជាមួយចិនទេហើយយើងសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងដឹងថាចិនក៏នៅទីនោះដែរ ចិនមិនរលាយទៅណាឡើយ ហើយយើងត្រូវតែរស់នៅជាមួយចិន ដែលឥឡូវនេះមានស្តុកស្តម្ភជាងប្រទេសភាគច្រើនក្នុងពិភពលោក”៕
លោកមហាធៀឆ្លើយសំណួរក្នុងសន្និសីទ “អនាគតអាស៊ី” ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. ក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២