ដោយ: ចាន់តូ/ភ្នំពេញ: ស្ត្រីបីនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពេលកំពុងជិះម៉ូតូ កាលវេលាម៉ោង៥ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២២ត្រង់ចំណុចលើស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
នារីរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាកហ្ស៊ូមើរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១GG ៩៧២៩ ចំណែកទូរស័ព្ទដែលបាត់ទៅម៉ាក iPhone 11Pro Max។
បើតាមការរៀបរាប់របស់ស្ត្រីរងគ្រោះបាន ឱ្យដឹងថារូបគាត់ទាំងបីនាក់បានជិះម៉ូតូឌុបគ្នាតាមបណ្ដាយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ជិះបណ្តើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយ ខណៈពេលនោះគ្នាគាត់ដែលជាអ្នកឌុបកំពុងតែនិយាយទូរស័ព្ទ ក៏ត្រូវជនសង្ស័យឆក់ទាញទូរស័ព្ទរបស់ពួកគាត់បានសម្រេច បណ្ដាលឱ្យដួលម៉ូតូបែកមុខបែកមាត់រងរបួសធ្ងន់ម្នាក់ និងរលាត់ដៃ ជើងពីរនាក់។ ហើយជនសង្ស័យបានជិះចុះពីលើស្ពានអាកាសស្ទឹងមានជ័យឆ្ពោះទៅខាងពេទ្យរុស្ស៊ីបាត់ស្រមោល ភ្លាមៗត្រូវបានរថយន្តសារម៉ុយដឹកជនរងគ្រោះទាំងបីនាក់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍រងចាំប្រគល់ឲ្យជនរងគ្រោះនៅពេលក្រោយ៕