ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ បួន​នាក់ ដែល​បាន​រងគ្រោះ ដោយសារ​ឆ្កែចចក​ព្រៃ មួយ​ក្បាល​ខាំ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ស្នោរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​នោះ បាន​លើក​ជា​សំណូមពរ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ នេះ​ថា សូម​អាជ្ញាធរ​ស្រុក ខេត្ត និង​សប្បុរសជន មេត្តាជួយ​ឧបត្ថម្ភ​ថវិកា ដើម្បី​បាន​ចាក់​ថ្នាំ​ឆ្កែ​ខាំ ជូន​ពួកគាត់ ដោយ​អនុគ្រោះ​ផង​ចុះ ព្រោះ​គ្រូពេទ្យ តម្រូវ​ឲ្យ​ចាក់ ៥ ដង និង​សេវា​ចាក់​ថ្នាំ​ឆ្កែ​ខាំ នៅ​គ្លីនិក​ឯកជន ក្នុងស្រុក​បរិបូណ៌ តម្លៃ​ក្នុង​មួយ​ម្ជុលៗ តម្លៃ ១០ ម៉ឺន​រៀល ដែល​ពួកគាត់ មានការ​ខ្វះខាត​។​

​ទាក់ទង​នឹង​ករណី​ខាងលើនេះ លោក ទត វិបុល មេភូមិ​ស្នោរ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា​នេះ បាន​និយាយ​ឲ្យ​ដឹង តាម​ទូរស័ព្ទ​ថាៈ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា មាន​សត្វ​ចចក​ព្រៃ​មួយ​ក្បាល បាន​រត់​ចូល​ភូមិ ហើយ​បាន​ដេញ​ខាំ​ប្រជាពលរដ្ឋ ក្នុងភូមិ បណ្ដាលឱ្យ​រងរបួស បួន​នាក់ គឺៈ ១ ឈ្មោះ យោត សា​ឯម អាយុ ២៧ ឆ្នាំ ភេទ​ស្រី ជា​កម្មករ​រោងចក្រ របួស​ជើង និង​ដៃ , ២. ឈ្មោះ បិ​ល សុ​ចិន អាយុ​៣២ ឆ្នាំ ភេទ​ស្រី របួស​ដៃ , ៣.​ឈ្មោះ ទឿ​ន ចំណាន អាយុ ១៧ ឆ្នាំ ភេទ​ស្រី ជា​កម្មករ​រោងចក្រ របួស​ដៃ និង ៤.​កុមារា ឈ្មោះ សុច សុ​វីន អាយុ ១៣ ឆ្នាំ របួស​ដៃ (​ត្រូវ​ឆ្កែចចក​ខាំ ទាំង​ដៃ ទាំង​ជើង និង​ជ្រុះ​ទូរស័ព្ទ ) ។​

​ជនរងគ្រោះ​ទាំង​បួន​នាក់ បានឱ្យដឹងថាៈ ការចាក់​ថ្នាំ​ឆ្កែ​ខាំ​នេះ គ្រូពេទ្យ​គ្លីនិក ឯកជន តម្រូវ​ឲ្យ​ចាក់ ក្នុង​ម្នាក់ៗ ចំនួន ៥ លើក ដោយ​ក្នុង​មួយ​ម្ជុលៗ ថ្លៃ​១០ ម៉ឺន​រៀល ចំណែក​ថ្ងៃ​កំណត់​ឲ្យ​តេ​ចាក់ គឺ​នៅ​ថ្ងៃទី​២៤ , ២៧ និង ៣១ ខែឧសភា , ថ្ងៃទី​៧ និង​ថ្ងៃទី​២១ ខែមិថុនា​។​

​ដោយឡែក នៅ​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៧ នេះ ពួក គាត់​បាន​ចាក់​ថ្នាំ​ឆ្កែ​ខាំ​នេះ រួចហើយ ដោយបាន​ខ្ចី ប្រាក់ ពី​បងប្អូន​អ្នកស្រុក​ភូមិ ។ ដូច្នេះ​ត្រូវ​ចាក់ ៣ លើក​ទៀត មិនដឹងថា អាច​រកប្រាក់​បាន​ចាក់​ថ្នាំ នេះដែរ ឬ​អត់​នោះទេ ហេតុនេះ មានតែ​សំណូមពរ​ដល់ អាជ្ញាធរ​ស្រុក ខេត្ត និង​សប្បុរសជន មេត្តាជួយ ឧបត្ថម្ភ​ថវិកា ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​៕/V​-PC