ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកគាំទ្រ Liverpool ជាច្រើន​នាក់​ដែល​ភាគច្រើន​គ្មាន​សំបុត្រ បាន​រៀបរាប់​ពី​ការធ្វើដំណើរ “​ដ៏​អស្ចារ្យ​” របស់​ពួកគេ​ទៅ​កាន់​ទីក្រុង​ប៉ារីស​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។​

​ហង្ស​ក្រហម​នឹង​ជួប​ស្តេច​ស Real Madrid ដែល​ឈ្នះ​ពាន​នេះ ១៣ សម័យកាល​នៅ​កីឡដ្ឋាន Stade de France នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​សៅរ៍​នេះ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ម៉ោង​នៅ​កម្ពុជា ដោយ​អ្នកគាំទ្រ​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​កកកុញ​។​

​យោងតាម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា អ្នកគាំទ្រ​រហូតដល់ ៧០.០០០ នាក់​រំពឹង​មកដល់ ដោយ​អ្នកខ្លះ​បាន​ចាកចេញ​ទាំង​ព្រឹក​ព្រលឹម និង​បើកបរ​រយៈពេល ១០ ម៉ោង​។​

​អ្នកគាំទ្រ​ឈ្មោះ ជែម​ស៍ រី​ឆាត (James Richards) អាយុ ២៤ ឆ្នាំ​មក​ពី​ទីក្រុង​បឺកិន​ហេដ (Birkenhead) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន PA ថា “​ខ្ញុំ​បាន​ចាក​ចេញ​នៅ​ម៉ោង​ប្រហែល ៤ ព្រឹក​ម្សិលមិញ ខ្ញុំ​មិន​ទន្ទឹង​ចាក​ចេញ​មក​ទី​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​នៅទីនេះ​ជាមួយ​ពួកម៉ាក​”​។​

“​ខ្ញុំ​មិន​មាន​សំបុត្រ​ទេ ប៉ុន្តែ​យើង​មិន​មក​ទី​ទីនេះ​ដើម្បី​ចូល​កីឡដ្ឋាន​ទេ គឺ​គ្រាន់តែ​នៅ​ជាមួយ​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម វា​ឡូយ​ពេក​ណាស់​ទៅ​ហើយ​។ សង្ឃឹម​ថា​ពួកគេ​អាច​ឈ្នះ​ការប្រកួត​”​។​

​ហ្គារី ស្តូន (Gary Stone) អាយុ ៤៧ ឆ្នាំ ជា​អ្នក​ជនបទ​មក​ពី​វូ​ល​តុ​ន (Woolton) បាន​និយាយថា “​វា​ជា​ដំណើរ​ដ៏​មហិមា​រយៈពេល ១០ ម៉ោង មិន​បាន​គេង ប៉ុន្តែ​វា​នឹង​សប្បាយរីករាយ​ជាក់​ជាមិនខាន​”​។​

“​វា​នឹង​ក្លាយ​ជា​បរិយាកាស​នៃ​ពិធី​ដង្ហែ​ក្បួន​ដូច​ពិធីបុណ្យ គ្មាន​អ្នកណា​ធ្វើបាន​ដូច​ក្រុម​ហង្ស​ក្រហម​នោះ​ឡើយ យើង​ជា​អ្នកគាំទ្រ​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​”​។​

​អ្នកខ្លះ​ទៀត​រៀបរាប់​ពី​ការឈប់​សម្រាក​ពី​ការងារ​ដើម្បី​ឡើង​ជិះ​យន្តហោះ ខណៈ​ខ្លះទៀត​ធ្វើដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍​សម្រាប់​កម្មវិធី​ប្រឡង​ចម្រៀង Eurostar​។​

​អ្នកគាំទ្រ Liverpool ត្រូវ​គេ​មើលឃើញ​រាយប៉ាយ​នៅ​ជុំវិញ​ប៉ម​ទួល​អេ​ហ្វែល​កាលពី​រសៀល​ថ្ងៃ​សុក្រ ដោយ​កាន់​បដា​និង​ផឹកស្រា​។​

​អ្នកគាំទ្រ​បី​នាក់​មក​ពី​ឆេ​សាយ​អឺ (Cheshire) បាន​និយាយថា មនុស្ស​ភាគច្រើន​ដែល​ពួកគេ​បាន​និយាយ​ជាមួយ​គឺ​គ្មាន​សំបុត្រ​ចូល​ទស្សនា​ទេ​៕

អ្នកគាំទ្រ Liverpool​ភាគច្រើន​ពុំមាន​សំបុត្រ​ចូល​ទស្សនា​ទេ​និង​បាន​ទៅ​ដល់​ក្រុងប៉ារីស​រួចជាស្រេច​