ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានថ្លែងថាៈ ការបង្កើតការិយាល័យ សហប្រតិបត្តិការស្វីស នៅកម្ពុជា គឺជាការបង្ហាញពី ការប្តេជ្ញាចិត្ត និងភាពជាដៃគូ ដ៏យូរអង្វែង ជាមួយកម្ពុជា និងជាមួយគ្នានេះ លោកក៏បានបង្ហាញ ការកោតសរសើរ សម្រាប់ការគាំទ្រ ពីប្រទេសស្វីស និងប្រជាជនរបស់ខ្លួន ចំពោះការគាំទ្រ ដ៏សប្បុរស ចំពោះកម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ផងដែរ។
ការថ្លែងរបស់លោក រដ្ឋមន្ត្រីក្រសួងការងារ បែបនេះ ធ្វើឡើង នាឱកាសខួប ១០ ឆ្នាំ នៃការបង្កើតការិយាល័យ សហប្រតិបត្តិការស្វីស នៅកម្ពុជា និងការដាក់ឱ្យ ដំណើរការ កម្មវិធីកិច្ចសហប្រតិបត្តិការស្វីស នៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ដែលត្រូវបានរៀបចំ ធ្វើឡើង នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅ Factory Phnom Penh ។
ជាមួយគ្នានេះ លោក អ៊ិត សំហេង បានថ្លែងអំណរគុណ ដល់ប្រទេសស្វីស តាមរយៈទីភ្នាក់ងារ ស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ, SDC គឺជាម្ចាស់ជំនួយដ៏សំខាន់មួយ ដែលបានជួយដល់ ប្រទេសកម្ពុជា តាមរយៈ គម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ ជាដើម។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើន រួមទាំងឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងនោះមាន គម្រោងអភិវឌ្ឍន៍ជំនាញ ដំណាក់កាល ទី១ និងដំណាក់កាលទី២, កម្មវិធី “មុខរបរនិងការងារ សមរម្យរបស់ យុវជន នៅកម្ពុជា” ដំណាក់កាលទី១ និងដំណាក់កាលទី២, គាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាម អនឡាញ (National TVET E-Learning Platform), និងកំពុងគាំទ្រដល់ ការអភិវឌ្ឍច្បាប់ TVET ជាដើម។
តាមរយៈការគាំទ្រ ប្រទេសស្វីស និង SDC ក៏បានផ្តល់ជំនួយយ៉ាងច្រើន លើផ្នែកឧបករណ៍ បរិក្ខារបច្ចេកទេស និងហិរញ្ញវត្ថុ ដល់កម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាននាំ យកបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេស នានា មកជួយដល់កម្ពុជា។ SDC បាន និងកំពុងធ្វើការជាមួយដៃគូ នានាជាច្រើន រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ផ្សេងៗទៀត សម្រាប់ការគាំទ្រប្រទេសកម្ពុជា ឆ្ពោះទៅរក ការកាត់បន្ថយ ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលយុទ្ធសាស្ត្រ រយៈពេល ៤ ឆ្នាំ ស្របតាមផែនការយុទ្ធសាស្ត្រ ជាអាទិភាពរបស់កម្ពុជា និងឆ្លើយតប ទៅនឹងតម្រូវការ របស់ប្រជាជនកម្ពុជា។
លោកស្រី Helene Budliger Artieda (ហេឡែន ប៊ុតលីហ្គ័រ អាតថាយអ៊ីដា) អគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាព ជាដៃគូ យូរអង្វែងរបស់ខ្លួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការអន្តរជាតិ និងសង្គមស៊ីវិល។
លោកស្រី បានលើកឡើងបែបនេះថាៈ “ពួកយើងនៅទីនេះ គឺដើម្បីរួមចំណែក ដល់អនាគត នៃប្រទេសដ៏ស្រស់ស្អាតនេះ និងប្រជាជនទាំងក្មេង និងចាស់។ ប្រទេសស្វីស ចូលរួមធ្វើការ នៅក្នុងបរិបទតំបន់ផងដែរ ក្នុងគោលបំណង ពង្រឹងឡើងវិញ នូវយន្តការ និងស្ថាប័ន ក្នុងតំបន់ ដូចជា អាស៊ាន ជាដើម។ នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជា ទទួលបន្ទុកយ៉ាងសំខាន់ ក្នុងនាមជាប្រធាន អាស៊ាន ដោយកម្ពុជា នឹងដើរតួជាអ្នកដោះស្រាយ បញ្ហាប្រឈមមួយចំនួន នៅក្នុងតំបន់។ ប្រទេសស្វីស រង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាដៃគូសន្ទនា តាមវិស័យ ជាមួយអាស៊ាន (ASEAN Sectoral Dialogue Partner ) ”៕/V-PC