ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានជូនដំណឹងពីការដាក់ឱ្យអនុវត្ត របបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
ក្រសួងការងារ បានបញ្ជាក់ថាៈ យោងច្បាប់ស្តីពីការងារ និងប្រកាសលេខ ៣៥៨/២១ ក.ប/ប្រ.ក.អ.ឆ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យ ដំណើរការ របបស្វ័យប្រកាស អធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលស្ថិតក្នុង ដែនអនុវត្ត នៃច្បាប់ស្ដីពីការងារ ឱ្យបានជ្រាបថា លោក/លោកស្រី មានកាតព្វកិច្ចស្វ័យ ប្រកាស អធិការកិច្ចការងារ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំនួន ២ (ពីរ) លើក ក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុន ដំណាច់ ខែធ្នូ នៃឆ្នាំនីមួយៗ តាមរយៈ គេហទំព័រ៖ https://sicms.mlvt.gov.kh ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ ស្វ័យប្រកាសអធិការកិច្ចការងារ មានចំណុចអាទិភាព ចំនួន ៣១ ដែលមានកំណត់ នៅក្នុងលិខិត ដាក់កំហិតរបស់ អធិការការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តឱ្យខានតែបាន តាមលិខិតដាក់ កំហិតនេះ ក្នុងករណីល្មើសនឹងចំណុច អាទិភាពណាមួយ នឹងត្រូវទទួលរង ការផាកពិន័យភ្លាមៗ ពីអធិការការងារ យោងតាមច្បាប់ នឹងបទប្បញ្ញត្តិ ជាធរមាន។
ជាមួយគ្នានេះ ក្រសួងការងារ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ឱ្យបានជ្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាផ្នែកមួយ នៃល័ក្ខខ័ណ្ឌសុវត្ថិភាព និងសុខភាព ការងារ នៅតាមរោងចក្រ សហគ្រាស។ ដូច្នេះ លោក/លោកស្រី ត្រូវបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី ខេត្ត ដើម្បីជំរុញ និងរៀបចំចាក់វ៉ាក់សាំង ដូសជំរុញ ជូនបងប្អូនកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ដោយអាចបន្តដំណើរការ ផលិតកម្ម/អាជីវកម្ម តាមធម្មតា ព្រមទាំងត្រូវបំពេញ ព័ត៌មាន នៃការចាក់វ៉ាក់សាំង ក្នុងរបបស្វ័យប្រកាស អធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រខាងលើ។ អធិការការងារ នឹងចុះធ្វើអធិការកិច្ចការងារពិសេស ដើម្បីត្រួតពិនិត្យទិន្នន័យ កម្មករ និយោជិត ចាក់វ៉ាក់សាំងកូវីដ-១៩។
ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាស មិនបានធ្វើរបាយការណ៍ ស្វ័យប្រកាស អធិការកិច្ចការងារ តាមកាលកំណត់ និងមិនព្រមអនុវត្តតាម ខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ត្រូវទទួលការពិន័យ ឬផ្តន្ទាទោសតាមច្បាប់ និង ការចាត់វិធានការ តាមផ្លូវច្បាប់ពីក្រសួង៕/V-PC