ដោយៈ សម្បត្តិ / ភ្នំពេញ៖ នៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីបូកសរុបលទ្ធផលកម្មសិក្សា បញ្ចប់វគ្គ និងប្រគល់សញ្ញាបត្រ ជូនមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ៤៤ នាក់ ក្នុងនោះមានស្រី ២ នាក់ ដែលសិក្ខាកាមនគរបាលជាតិទាំងនេះ ទើបបាន បញ្ចប់ការសិក្សារៀនសូត្រ វគ្គបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ និងថ្នាក់ មធ្យមជំនាញ ស៊ើបការណ៍ខាងក្រៅ និងវគ្គថ្នាក់មធ្យមជំនាញសន្តិសុខ នៅសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ ស្វាគមន៍ ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះប្រតិភូដឹកនាំ ដោយនាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ដែលជាតំណាង នៃក្រសួងនគរបាល វៀតណាម ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួម ក្នុងកិច្ចប្រជុំបញ្ចប់វគ្គសិក្សា និងប្រគល់សញ្ញាបត្រជូន សិក្ខាកាមនគរបាលជាតិកម្ពុជា ចំនួន ៤៤ នាក់ ដែលបានបញ្ចប់ វគ្គសិក្សា បណ្តុះបណ្តាលជំនាញ ជាន់ខ្ពស់ និងថ្នាក់មធ្យម ជំនាញស៊ើបការណ៍ខាងក្រៅ និងវគ្គបណ្តុះបណ្តាលថ្នាក់មធ្យម ជំនាញសន្តិសុខ ប្រកបដោយជោគជ័យ នាពេលនេះ ហើយក៏បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរ ជាមួយសិក្ខា កាមនគរបាលជាតិកម្ពុជា ទាំង៤៤រូប ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានចំណេះជំនាញ ពិតប្រាកដ ពីសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃប្រទេសវៀតណាម ដើម្បីយកចំណេះជំនាញទាំងនេះ មកបំរើការងារ ជូនប្រទេសជាតិ។
លោកអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើង ទៀតថាៈ សិក្ខាកាមមន្ត្រីនគរបាល ទើបតែបញ្ចប់ការសិក្សា ដើម្បីជាការលើកទឹកចិត្ត អង្គភាព នឹងរៀបចំគោលការណ៍ ស្នើសុំទៅថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា ក្រសួងមហាផ្ទៃ ដើម្បីធ្វើការតំឡើង ឋានន្តរសក្តិមួយថ្នាក់ ចំណែកសិក្ខាកាម ដែលបានរៀនសូត្រ ទទួលបាន លទ្ធផលនិទ្ទេសល្អ អង្គភាព ពិចារណាស្នើសុំតែងតាំងមុខតំណែង។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានសំណូមពរស្នើសុំ តាមរយៈលោក នាយកសាលាជាន់ខ្ពស់ សន្តិសុខប្រជាជន១ វៀតណាម សូមឱ្យមានការ បណ្តុះបណ្តាល វគ្គជំនាញខាងលើ ជូនដល់មន្ត្រីនគរបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ដើម្បីមន្ត្រីនគរបាលរាជធានីភ្នំពេញ ទទួលបានចំណេះដឹង លើការងារជំនាញទាំងនេះ ឱ្យមានសមត្ថភាពខ្ពស់។
លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ បានមាន ប្រសាសន៍ថាៈ ការបណ្តុះបណ្តាល សិក្ខាកាមនគរបាលជាតិកម្ពុជា គឺសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល រវាងក្រសួង នគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងនោះសិក្ខាកាម នគរបាលជាតិម្ពុជា ៤៤ នាក់ ត្រូវបានបណ្តុះបណ្តាលវគ្គជំនាញជាន់ខ្ពស់ និងថ្នាក់មធ្យម ស៊ើបការណ៍ខាងក្រៅ និងថ្នាក់មធ្យមជំនាញសន្តិសុខ ដែលសិក្ខារៀនសូត្រ មានចំនួន ២ វគ្គ គឺថ្នាក់ជាន់ខ្ពស់ រយៈពេល ៤ ឆ្នាំ ចំណែកថ្នាក់មធ្យមរយៈពេល ២ ឆ្នាំ។
លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ ក៏បានលើកឡើងទៀតថាៈ នៅក្នុងអំឡុង ការសិក្សារៀនសូត្រ នៅក្នុងសាលា ពីសំណាក់សិក្ខាកាម នគរបាលជាតិកម្ពុជា គឺសាលាបានយកចិត្តទុកដាក់ ជាទីបំផុត ដោយមានការរៀបចំការបង្រៀន ដោយគ្រូមានបទពិសោធន៍ មុខវិជ្ជាជំនាញត្រឹមត្រូវ តាមកម្មវិធីសិក្សា គួបផ្សំការអញ្ជើញពីអង្គភាពពាក់ព័ន្ធមកចូលរួមធ្វើបាឋកថា អនុវត្តដោយផ្ទាល់ ដើម្បីឱ្យសិក្ខាកាម ទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង លើការងារជំនាញ និងការបង្ការបង្ក្រាបបទល្មើស។
ចុងបញ្ចប់ លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខ ប្រជាជន១ ក៏បានឆ្លើយតបទៅនឹងសំណូមពរ របស់លោក ឧត្តមសេនីយ៍ឯក ស ថេត ដែលបានស្នើសុំ ការបណ្តុះបណ្តាលល ផ្នែកជំនាញខាងលើ គឺសាលា គ្រោង នឹងចាត់បញ្ជូនគ្រូបង្គោល មកបង្ហាត់បង្រៀន នៅទីនេះ បើសិនមាន ការឯកភាព ពីក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា៕/V-PC