​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ ការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស នៃ​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា បានបញ្ជាក់​ថាៈ ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅពេល​ដ៏​ខ្លី ខាងមុខនេះ លោក​តែងតែ​គិតពី​ចំណុច​សំខាន់ៗ ចំនួន​ប្រាំ​៖ ១) ការបញ្ឈប់​អំពើហិង្សា , ២) ការចូលរួម​ប្រាស្រ័យ​ទាក់ទង​គ្នា ក្នុងន័យ​ស្ថាបនា , ៣) យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ , ៤) ជំនួយ​មនុស្សធម៌ និង ជាពិសេស​ចុងក្រោយ ៥) សុទិដ្ឋិនិយម​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ថាៈ “ ៥​ខែ​ហើយ គិត​ចាប់តាំងពី​ការជូន ព័ត៌មាន​លើកដំបូង​របស់ខ្ញុំ ដល់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពី​បញ្ហា​មី​យ៉ាន់​ម៉ា កាលពី​ខែមករា ដើមឆ្នាំ​នេះ​។ ខ្ញុំ​បាន​ចូលរួម​ជូន​ព័ត៌មាន ជា​លើក​ទី​ពីរ នៅ​យប់​នេះ​។ ជាក់ស្តែង ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​ជាច្រើន ដូចជា វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​។ យ៉ាងណាក្តី មិនមែន​មានន័យថា អស់សង្ឃឹម​នោះទេ ដរាបណា​យើង​ទាំងអស់ រួមទាំង​អាស៊ាន និង​សហគមន៍​អន្តរជាតិ បន្ត​ប្រាស្រ័យ​ទាក់ទង ជាមួយ​មី​យ៉ាន់​ម៉ា ប្រកបដោយ​ការស្ថាបនា ផ្ទុយ​ពី​នយោបាយ​ឯកោ​និយម ” ។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក​ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​។​

​ប្រេសិត​ពិសេស នៃ​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា បានបញ្ជាក់​ថាៈ កម្ពុជា​ទទួលស្គាល់ថា វិបត្តិ​មី​យ៉ាន់​ម៉ា គឺមាន​លក្ខណៈ​ចាក់​ស្រែះ​ជ្រៅ​។ ស្របពេល​ដែល​យើង កំពុង​ប្រឹងប្រែង​អស់ពី សមត្ថភាព ក្នុងនាម​ជា​ប្រធាន​អាស៊ាន យើង​នៅតែ​សង្ឃឹមថា កិច្ចប្រឹងប្រែង​នោះ នឹងចូលរួម​ចំណែក​ក​សាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ ដើម្បី​ស្វែងរក​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ទាំងមូល​។​

​ខណៈពេលដែល​លោក ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅពេល​ដ៏​ខ្លី ខាងមុខនេះ លោក​តែងតែ​គិតពី​ចំណុច​សំខាន់ៗ ចំនួន​ប្រាំ​៖ ១) ការបញ្ឈប់​អំពើ ហិង្សា​, ២) ការចូលរួម​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងន័យ​ស្ថាបនា​, ៣) យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩, ៤) ជំនួយ​មនុស្សធម៌ និង ជាពិសេស​ចុងក្រោយ ៥) សុទិដ្ឋិនិយម​។​

​សូមជម្រាបថា ក្នុងនាម​ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២២ តប​តាម​ការអញ្ជើញ​របស់ ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​អញ្ជើញ​អមដំណើរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន លោក លី យ៉ា​ម មីង នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សម្រប សម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) ​និង​មន្ដ្រីជាន់ខ្ពស់​របស់ រាជរដ្ឋាភិបាល​មួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង AHA Centre ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើកដំបូង នៃ​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា មាន​គោលបំណង ដើម្បី​បង្កើត​ល័ក្ខខ័ណ្ឌ​អំណោយផល ដើម្បី​ឈានទៅដល់​ការបញ្ចប់ អំពើហិង្សា ក៏ដូចជា ការអត់ធ្មត់ ឱ្យបាន​ខ្ពស់បំផុត ពី​គ្រប់ភាគី​ទាំងអស់​, ការ​ចែកចាយ​ជំនួយ មនុស្សធម៌ ដោយមាន​ការគាំទ្រ និង​សម្របសម្រួល ពី​លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​, និង​លើកទឹកចិត្ត ឱ្យមាន​កិច្ច​ពិគ្រោះ​យោបល់ / កិច្ចសន្ទនា​នយោបាយ ក្នុងចំណោម​ភាគី ពាក់ព័ន្ធ​ទាំងអស់​។​

​ដំណើរ​ទស្សនកិច្ច​នេះ ផ្អែកលើ​ឯកសារ​មូលដ្ឋាន នៃ​កិច្ចព្រមព្រៀង ជា​ឯកច្ឆ័ន្ទ ប្រាំ​ចំណុច របស់​អាស៊ាន​, លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី ៧-៨ ខែមករា ឆ្នាំ​២០២២, លទ្ធផល​នៃ​កិច្ចពិភាក្សា រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង ឡាំង និង​លទ្ធផល​នៃ កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន នាពេល​ថ្មីៗ​នេះ​៕/V​