ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ បេក្ខជន​ឈរឈ្មោះ​គណបក្ស​ភ្លើងទៀន និង​សកម្មជន​សរុប​ចំនួន​៣៨​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាននាំគ្នា​ប្រកា​សកាត់​ស្លាក ដោះ​សម្លៀកបំពាក់​គណបក្សរ​បស់​ខ្លួន​បោះចោល និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រោយ​ពួកគេ​អស់ជំនឿ​លើ​គណបក្សនយោបាយ​មួយ​នេះ​។​

​ក្រោយពី​កាត់​ស្លាក និង​ដោះ​សម្លៀកបំពាក់​ដែលមាន​រូប​សញ្ញា​គណបក្ស​ភ្លើងទៀន​ហើយ​នោះ ពួកគាត់​ទាំង​ជិត​៤០​នាក់ បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​មាន​ឲ្យ​ការបម្រើ​ជាតិ និង​ប្រជាជន​។​

​ក្នុងឱកាស​នោះ​ពួកគាត់​សុទ្ធ​បានបញ្ជាក់​ដូចៗ​គ្នា ការសម្រេចចិត្ត​ចាកចេញ ហើយ​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ គឺ​ដោយសារ​អស់ជំនឿ និង​បាត់បង់​ទំនុកចិត្ត​លើ​គណបក្ស​ភ្លើងទៀន ហើយ​គិតថា មិនមាន​គណបក្សនយោបាយ​ណា​ល្អ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះឡើយ​។​

​គួរ​បញ្ជាក់ថា សមាជិក​គណបក្ស​ភ្លើងទៀន ទាំង​៣៨​នាក់​នេះ មាននៅ​សង្កាត់​ច្បារអំពៅ​ទី​២ និង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ក្នុងនោះ​មាន​ទាំង​បេក្ខជន​ឈរឈ្មោះ​លេខ​រៀង​ទី​១ និង​សកម្មជន​ផងដែរ​។​

​សូម​រំលឹកថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​បេក្ខជន​ឈរឈ្មោះ និង​សកម្មជន​របស់​គណបក្ស​ភ្លើងទៀន បាន​ចាក​ចេញពី​បក្ស​នេះ ហើយ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច ពោល​អតីត​សមាជិក​បក្ស​នេះ​ជារឿយៗ បាននិងកំពុង​តែ​បន្ដ​ចាកចេញ ហើយ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើទោះបី​យុទ្ធនា​ការឃោសនា​ស្វែងរក​សំឡេងឆ្នោត កំពុងតែ​ដំណើរការ​យ៉ាងណាក្ដី​៕​