ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ក្រុមមន្ត្រី​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង ត្រៀម​កាត់​ឆ្វៀល​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់​៣ និង​តំបន់​២ ផ្តល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល និង​រស់នៅ ពិសេស​ភូមិ​ចាស់​យូរ​ឆ្នាំ​។​

​ឱកាស​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្ទៃដី​វាល​ផ្នែក​ខាងក្រោម​តំបន់​២ និង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ នៅ​ថ្ងៃទី​២៧ ខែឧសភា​ព ឆ្នាំ​២០២២ នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង បានផ្តល់​ការណែនាំ​ទៅដល់​អាជ្ញាធរ​ស្រុក​/​ខេត្ត ពិសេស​បណ្តា​ស្រុក​ដែល​ឋិត​នៅជាប់​ដែន​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ទាំងអស់ ត្រូវ​ពិនិត្យ និង​វាយតម្លៃ​អំពី​ផ្ទៃដី​តំបន់​២ តំបន់ ៣​ឱ្យបាន​ជាក់លាក់​ដើម្បី​កាត់​ឆ្វៀល​ដី ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ជាក់ស្តែង​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ចំពោះមុខ​នេះ​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ ដោយ​កំណត់​អនុវត្ត​នូវ​គោលការណ៍​ចំនួន ២​ធំៗ គឺ​ការខិតខំ​អភិរក្ស​តំបន់​បឹង​ទន្លេសាប និង​ការខិតខំ​គោរព​ទៅតាម​ប្រវត្តិសាស្ត្រ​តំបន់ ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​ន័យ​គិតគូ​ចំពោះ​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាកសិករ​ក្នុង​ការដាំដុះ​។​

​ជាមួយគ្នា​កាលពី​កន្លងមកនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ចេញ​សារ​ជាពិសេស​ផងដែរ​ណែនាំ​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​ពិចារណា​លើ​ស្ថានភាព​ជាក់ស្តែង ដោយ​ត្រូវ​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ និង​តំបន់​៣ ប្រគល់​ជូនទៅ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែង និង​អាស្រ័យ​ផល​យូរ​ឆ្នាំ ប៉ុន្តែ​មិនបាន​រាប់​ដល់​អ្នក​ដែល​ទើប​ទៅកាន់​កាប់​ក្នុង​រង្វង់​ត្រឹមតែ ២ -៣​ឆ្នាំ​នោះឡើយ ហើយ​ត្រូវ​រក្សា និង​ចេញ​កម្មសិទ្ធិ​ជូន​ពួកគាត់ ក្នុងន័យ​ខាងលើ​រាជរដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកមានអំណាច និង​អ្នកមាន​លុយ​ហើយ​ទៅ​ជ្រក​ក្រោមរូបភាព​ជា​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​ដី​បឹង​ទន្លេសាប​ហាមឃាត់​ដាច់ខាត​។​

​ក្រោយ​ការចុះ​ពិនិត្យមើល​ស្ថានភាព​ផ្ទៃដី​ព្រៃ​លិច​ទឹក ក្រុមមន្ត្រី​ជំនាញ​ក៏​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់​មូ​យ​ទៀត​ដែរ​ពាក់ព័ន្ធ​និង​ការ​កាត់​ឆ្វៀល​ដី​ដដែល​នេះ​ដោយ​កែប្រែ​កំណត់​ដី​តំបន់ ៣ មកជា​ដី​តំបន់ ២ ហើយ​ដី​តំបន់ ២ មកជា​ផ្ទៃដី​តំបន់ ១ វិញ​សម្រាប់​ផ្ដល់​កម្មសិទ្ធិ​ជូន​ដល់​ពលរដ្ឋ​ជា​កសិករ​៕​