ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ក្មេងប្រុសស្រី២ នាក់បងប្អូនបង្កើត បានលង់ទឹកស្លាប់បណ្ដាលឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងពោធិ៍ ឃុំឃុនរង ស្រុកបរិបូណ៌។
តាមការបញ្ជាក់របស់លោក ប៉ែន សុផារី អធិការរងនគរបាលស្រុកបរិបូណ៌ទទួលបន្ទុកព្រហ្មទណ្ឌ បានបញ្ជាក់តាមទូរស័ព្ទថា កុមាររងគ្រោះដោយសារលង់ទឹកខាងលើមាន.១ កុមារី យ៉ុង វន្នី អាយុ ១២ឆ្នាំ និង២.កុមារា យ៉ុង បញ្ញា អាយុ ៧ ឆ្នាំ។ កុមាររងគ្រោះទាំង ២នាក់ មានឪពុកឈ្មោះ សុខ ធី ម្ដាយឈ្មោះ សុខនី មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុកុមាររងគ្រោះទាំង៣នាក់ខាងលើ បានទៅបេះឈូកជាមួយឪពុកមាម្ដាយមីង ប៉ុន្តែពេលបេះឈូកបានដើរបែកគ្នានៅក្នុងបឹងមួយកន្លែង នៅចម្ងាយប្រមាណ ១០០ម៉ែត្រពីខាងក្រោយផ្ទះ របស់ពួកគាត់។ ខណៈពេលដែលកំពុងបេះឪពុកមា និងម្តាយមីងបានបាត់មិនឃើញក្មួយៗ ក៏ដើរត្រឡប់មកវិញ ហើយមានការសង្ស័យក៏ចុះរាវក្នុងបឹង ស្រាប់តែឃើញក្មួយៗលង់ទឹកស្លាប់អោបគ្នាទាំង២នាក់ បាត់ទៅហើយ។
យ៉ាងនេះក្តី ដោយមានការសង្ស័យក្រុមគ្រួសារបានដឹកយកក្មេងរងគ្រោះទាំង២នាក់ ទៅមណ្ឌលសុខភាពស្រុកបរិបូរណ៌ ដើម្បីជួយសង្គ្រោះ ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាពួកគេបានស្លាប់បាត់ទៅហើយ និងបានប្រគល់ឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីក្រោម ក្រោមក្តីសោកសង្រេងសាងក្រៃលែង សំណាក់ឪពុកម្ដាយ និងក្រុមគ្រួសារ ។
អភិបាលស្រុកបរិបូរណ៍លោក ចេង ចាន់ដូរណាល់ បានឲ្យដឹងថា អនុសាខាកាកបាទក្រហមស្រុកបរិបូរណ៌ បានចុះដល់មន្ទីទេព្យស្រុកបរិបូណ៌ ដើម្បីនាំយករថយន្តរបស់មន្ទីពេទ្យដឹកយកសាកសពកុមារប្រុសស្រីយកទៅលំនៅឋានវិញ រួមនិងសម្ភារៈថវិកាសម្រាប់ចូលរួមធ្វើបុណ្យសព្វផងដែរ៕