ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា​-​ថៃៈ កងកម្លាំង​ការពារ​ព្រំដែន កម្ពុជា​-​ថៃ បន្ត​រឹតបន្តឹង​ចំណង សាមគ្គីភាព មិត្តភាព រួមគ្នា​ទប់​ស្តា​ត់ រាល់​បទល្មើស​ឆ្លងដែន ការនាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ និង​ផ្ដល់ព័ត៌មាន ទៅវិញទៅមក ដែល​ការ ឯកភាព​សហការគ្នា​នេះ គឺធ្វើឡើង​ស្របពេល កម្ពុជា កំពុងតែ​ដំណើរការ ឈានទៅរក ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខនេះ​។​

​មន្ត្រីនគរបាល​វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៥ -​ម៉ាឡៃ បានឱ្យ​រស្មី​កម្ពុជា​ដឹង កាលពី​ថ្ងៃទី​២៧ ខែឧសភា​ថាៈ កាលពី​រសៀល​ម្សិលមិញ កម្លាំង​ប៉ុស្តិ៍​ក្បាល​ទំនប់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី រឿ​ម ប៊ុន​ន​រិ​ទ្ធ នាយប៉ុស្តិ៍ រួមជាមួយ កម្លាំងយោធា​ផ្នែក​សឹក​រង ស្រុក​ម៉ាឡៃ ដឹក​ដោយ​លោក វរសេនីយ៍ត្រី ជា រិត មេបញ្ជាការ កងអនុសេនាធំ​ទី​១ បាន​ជួបពិភាក្សា​ជាមួយ​ទាហាន (​ប្រាន​) ឈុតខ្មៅ​ថៃ កងអនុសេនាធំ​លេខ ១៣.០៥ ឈរជើង​ទល់មុខ​ភូមិសាស្ត្រ ប៉ុស្តិ៍​ក្បាល​ទំនប់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ស៊ុ​រ៉ាត់ យាន់​បួ​បាន មេបញ្ជាការ​កងអនុសេនាធំ ១៣.០៥ ដើម្បី​រឹតបន្តឹង​ចំណង​សាមគ្គីភាព មិត្តភាព រួមគ្នា​ទប់​ស្តា​ត់ រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ការនាំ​មនុស្ស ឆ្លងដែន​ខុសច្បាប់ និង​ផ្ដល់​ពត៌មាន​ទៅវិញទៅមក ។ ក្នុងនោះ ស្របពេល​ខាង ប្រទេស​កម្ពុជា កំពុង​រៀបចំ ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខនេះ ។​

​ភាគី​ទាំងពីរ បាន​ជួបគ្នា​នៅ​ចំណុច​និយាម​ការ (IN.1960) ០២២៧៨៩៨. ១៥០១៥២០ (​មាត់​អូរ​ព្រំ​ដែនដី​ថៃ​) ស្ថិតក្នុង​ភូមិ​ឃុ​ត​ហ៊ី​ន ឃុំ​ខ្លង​ណាំ​សៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ទល់មុខ​ភូមិ​បន្ទាយ​ទី​២ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ (​មុខ​ប៉ុស្តិ៍​ការពារ​ព្រំដែន ក្បាល​ទំនប់​) ៕/V​-PC